លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​ក្នុង​បុរី​កុមារកំព្រា​ខេត្ត​កែប​

(​ខេត្ត​កែប​)៖ កាលពី​រសៀល​ថ្ងៃ ព្រហស្បតិ៍ ៧ កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ​មេសា ឆ្នាំ ២០១៩ នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប រួម​ជាមួយ​ឯកឧត្ដម អភិបាលរង​ខេត្ត បាន​អញ្ចេ​ី​ញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បាន​ពាំនាំ​នូវ​អំណោយ​មួយចំនួន​របស់​លោក​ផ្ទាល់ ព្រមទាំង​អំណោយ​របស់ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា ជូន​ដល់​កូន​កូន​និង​បុគ្គលិក ដែល​កំពុង​រស់នៅ​បុរី​កុមារកំព្រា ខេត្ត​កែប នា​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាងមុខនេះ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោ​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា ជូន​ចំពោះ​ក្រុមគ្រួសារ និង​បុគ្គលិក​ទាំងអស់​ដែល​ស្ថិតនៅ​បុរី​កុមារកំព្រា ខេត្ត​កែប សូម​ខិតខំ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ និង​រក្សា​អនាម័យ​។

​ជា​កិច្ចបញ្ចប់ លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​កូន​កូន​ទាំងអស់ ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ពេល​បើកបរ​យាន្តជំនិះ​ឬ​ក៏​ធ្វើដំណើរ​នៅលើ​ដងផ្លូវ និង​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរ ព្រោះថា​នាពេល​បច្ចុប្បន្ន​នេះ គ្រោះថ្នាក់​ចរាចរ​បាន​ឆក់យក​ជីវិត​មនុស្ស ជា​រៀងរាល់ថ្ងៃ ដែល​ជា​រឿង​មួយ​យើង​ទាំងអស់គ្នា​ត្រូវ​គោរព​ច្បាប់ ហើយ​ពេល​ធ្វើដំណើរ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​៕