លោក​អភិបាលស្រុក​កំពង់ត្រាច ដឹកនាំ​ក្រុម​ការងារ ទៅ​បង្អាក​សកម្មភាព​គ្រឿងចក្រ​ជីក​កកាយ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ ក្នុង​ឃុំ​ឫស្សី​ស្រុក​ខាងលិច​

(​ខេត្ត​កំពត​)៖ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​លើកឡើង​ថា ព្រែក ប្រឡាយ បឹងបួ សុទ្ធសឹង​ជា​ស​ម្ប​តិ្ត​ធម្មជាតិ​របស់​រដ្ឋ និង​ជា​សម្បតិ្តសា​ធារណៈ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​រួមគ្នា ដាច់ខាត​មិន​អាច​ចេះតែ​នាំគ្នា​ទៅ​ទន្ទ្រាន​ដើម្បី​ជា​ផលប្រយោជន៍​បុគ្គល​នោះ​ឡើយ​។​

​ការលើកឡើង​បែប​នេះ អំឡុង​ពេល​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ទៅ​ទប់ស្កាត់ និង​បង្អាក​សកម្មភាព​គ្រឿងចក្រ​ជីក​កកាយ​ដី​បឹង​របស់​រដ្ឋ ស្ថិតក្នុង​ភូមិ​ដំណាក់​ត្របែក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ៣​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩​។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ផងដែរ​ថា ចំណុច​ដែល​គ្រឿងចក្រ​កំពុង​ជីក​ក​កាយ​ដី​នេះ គឺជា​បឹង​ធម្មជាតិ​របស់​រដ្ឋ យើង​មិន​ត្រូវ​នាំគ្នា​ទៅ​បំពាន​ឡើយ គួរ​ណាស់​យើង​ទាំងអស់គ្នា​ជួយ​អភិរក្ស និង​រួម​គ្នា​ថែរក្សា​កុំឲ្យ​បាត់បង់ សម្រាប់​បម្រើ​ប្រយោជន៍​រួម​។​

​លោក​អភិបាលស្រុក បាន​បន្តថា ដើម្បី​កុំឲ្យ​បាត់បង់​ធនធានធម្មជាតិ​ដែល​មានស្រាប់​ស្ថិត​តាម​ភូមិសាស្ត្រ​របស់​យើង គប្បី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ពិសេស​ជួយ​ទប់ស្កាត់​កុំឲ្យ​មាន​ការលូកលាន់​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​ចាប់ពី​ពេលនេះ​តទៅ​។​

​សូមជម្រាបថា​៖ ក្នុង​ប្រតិ​ប​តិ្ត​ការចុះ​បង្អាក​សកម្មភាព​គ្រឿងចក្រ​ជី​កកាយ​ដី​បឹង​ធម្មជាតិ​ស្ថិតក្នុង​ចំណុច​ភូមិ​ដំណាក់​ត្របែក​នេះ ឃុំ​ឫស្សីស្រុក​ខាងលិច​នេះ រដ្ឋបាល​ស្រុក​កំពង់ត្រាច បាន​កោះហៅ​បុគ្គល​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ទន្ទ្រាន​ដី​បឹង​មក​អប់រំ ណែនាំ ធ្វើ​កិច្ចសន្យា ឲ្យ​បញ្ឈប់​សកម្មភាព ហើយ​បើ​នៅ​តែ​បំពាន​នៅលើ​ដី​បឹង​ធម្មជាតិ​ទៀត​នេះ​ទៀត រដ្ឋបាល​ស្រុក​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ហើយ​ក៏​គ្មាន​ការយោគយល់​ទៀត​ដែរ​៕