​កងពលតូច​អន្តរាគមន៍​លេខ​១ ទទួល​សម្ភារ​ការិយាល័យ​ជា​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី សម្រាប់​បម្រើ​ដល់​ការងារ​ប្រចាំថ្ងៃ​

(​កំពង់ឆ្នាំង​)៖ កុំព្យូទ័​យួដៃ​៤​គ្រឿង កុំព្យូទ័រ​លើ​តុ​៤​គ្រឿង ម៉ាស៊ីន​ព្រី​នធី​២​គ្រឿង និង​ម៉ាស៊ីនថតចម្លង​១​គ្រឿង ត្រូវបាន​ដឹក​យក​មក​ប្រគល់ជូន អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១ ដែល​ជា​អំណោយ របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាកា​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ត្រូវបាន​ក្រុម​ការងារ​ប្រគល់ជូន​កងពល​លេខ​១ នៅ​ថ្ងៃ​ទី​២៥ ខែ ឧសភា ឆ្នាំ​២០១៩​។​

​លោក​ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១ បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​ទាំង​ពីរ និង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​លោក​តែងតែ​គិតគូ​ពី​សុខទុក្ខ​កងទ័ព និង​គ្រួសារ​ទ័ព ដែល​កន្លង​ទៅ​អង្គភាព​តែងតែ​ទទួលបាន​នូវ​ការ​ឧបត្ថម​ផ្សេងៗ ដូចជា​ការកសាង​ជំរុំ​ជម្រក ហេដ្ឋារចនាសម្ព័ន ជាពិសេស​កងទ័ព ដែល​មាន​ការឧបត្ថម្ភ បន្ថែម​ពីលើ​គោល​របប​ដែលមាន​ស្រាប់ ការគិតគូរ​ជួយ​ដល់​គ្រួសារ​ទ័ព យោធិន​ពលី​មរណៈ យោធិន​ពិការ និង​អតីតយុទ្ធជន​ជាដើម​ទាំងនេះ បាន​ធ្វើឲ្យ​កងទ័ព​ទាំងអស់​មាន​ភាពកក់ក្តៅ និង​មាន​ស្មារតី​រឹងមាំ​អង់អាច​ក្លាហាន ដើម្បី​ឈរជើង​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ដាច់ខាត​មិនឲ្យ​មាន​បដិវត្តព័ណ៌ ដែល​ក្រុមប្រឆាំង​ក្រៅច្បាប់​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​ដែល​រាជរដ្ឋាភិបាល​ខិតខំរ​កមក​យ៉ាង​លំបាក​នេះ​បានឡើយ​។​

​លោក ក៏​បាន​បញ្ជាក់ថា អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១ គោរព និង​អនុវត្ត​ឲ្យបាន​នូវ អភិក្រម​ទាំង​៥ គឺ ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ រួម​ទាំង​បញ្ញត្តិ​ទាំង​១០ របស់​សម្តេច​តេជោ ហ៊ុន សែន ផ្កាយ​មាស​៥​ផុត​លេខ ដែល​បាន​ថ្លែង​ក្នុង​ខួប​២០​ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ កន្លងទៅនេះ​៕