ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយថ្ងៃអង្គារ៍ ទី២៨ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តបាត់ដំបង ÷ នារសៀលថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជាឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មីដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ។

សម្តេចតេជោបានមានប្រសាសន៍ជំរុញឱ្យខិតខំកែច្នៃផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្សបាន ៥-១៥នាក់យ៉ាងតិច ខណៈមនុស្សកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់។ សម្ដេចបានបញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណ បីលានហិកតា ឱ្យទទួលផលប្រាំមួយលានហិកតាក្នុងមួយឆ្នាំ។

សម្ដេចតេជោ បានមានប្រសាសន៍ជំរុញឱ្យមានការស្រាវជ្រាវពូជដំណាំនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ហើយនៅថ្ងៃនេះ សម្ដេចបានផ្ដាំផ្ញើទៅរដ្ឋមន្ត្រីក្រោយៗ ឬនាយករដ្ឋមន្ត្រីក្រោយៗ ត្រូវរក្សាការពារទីតាំងរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ឱ្យខាងតែបាន ដោយមិនឱ្យនរណាមកប៉ះពាល់ឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យផលិតពូជស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់តាមតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

សម្ដេចក៏ប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន  ជាប៉ូលសេដ្ឋកិច្ចទី៤ ហើយកម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន  លើផ្នែកកសិ-ឧស្សាហកម្ម។ សម្ដេចតេជោបានជំរុញឱ្យគ្រប់អាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីជំនាញកសិកម្ម ដែលចុះទៅជួយនៅតាមមូលដ្ឋានគ្រប់ឃុំទាំងអស់ ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាកសិករ ដើម្បីទទួលបានជំនាញច្បាស់លាស់លើវិស័យកសិកម្ម។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា កម្ពុជានឹងទម្លាក់ទុនប្រមាណ ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។

ថ្ងៃនេះ សម្តេចតេជោ ក៏បានប្រកាសពីគោលបំណងនាំគ្រាប់ស្វាយចន្ទីធំជាងគេនៅលើពិភពលោក ខណៈដែលបច្ចុប្បន្នការនាំស្វាយចន្ទីបានតួលេខក្រោយប្រទេសកូឌីវ័រ  តែបន្តិចប៉ុណ្ណោះ។