
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ការិយាល័យនិពន្ធ 017778289=0882476167
រាជធានីភ្នំពេញ ÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រព្រឹត្តទៅរយៈពេល២ ថ្ងៃគឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញ លើវឌ្ឍនភាពការងាររបស់វិស័យសាធារណការ និងដឹកជញ្ជូន ដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ដែលរួមមាន ទី១)ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និងទី២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។ ទន្ទឹមនឹងនេះ ក្រសួងបានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ ក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ជាពិសេសផ្តោតលើការពង្រឹងគុណភាព ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុវត្ថិភាព ដើម្បីកាត់បន្ថយពេលវេលា និងចំណាយក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ៕