ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២៥នេះ បងប្អនប្រជានេសាទ ដែលមានមុខរបរអូសលៀស ចិញ្ចឹមគ្រួសារ ចំនួន២៨នាក់ តំណាងឲ្យគ្រួសារនេសាទ មានមុខរបរអូសលៀសទាំង១០០គ្រួសារ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបបាននាំគ្នាមកសុំការជួយអន្តរាគមន៍ពី អាជ្ញាធរខេត្តសៀមរាប  នៅពេលដែលក្រុមចម្រុះបង្ក្រាបបទល្មើស នេសាទនៅបឹងទន្លេសារបានកំពុងអនុវត្តការបិទនេសាទគ្រប់ប្រភេទនៅបឹងទន្លេសាប  នៅមុខសាលាខេត្តសៀមរាប ត្រូវ បានលោកនាយករង រដ្ឋបាលសាលាខេត្ត អញ្ជើញបងប្អូនធ្វើការជួបសំណេះសំណាល ជាលក្ខណៈគ្រួសារខ្មែរមួយ 

តាមការបញ្ជាក់ពីតំណាងប្រជានេសាទ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការនេសាទអូសលៀសនេះ ពួកគាត់ បានបន្តមុខរបរនេះពីឪពុកម្តាយ យាយតារបស់ពួកគាត់ជាយូលុងមកហើយ ដើមី្បចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារ តែនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៥នេះ  ត្រូវបានក្រុមការងារបង្រ្កាបបទល្មើសជលផល និង អាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ បានធ្វើការ ប្រជុំផ្សព្វផ្សាយ ដល់ប្រជានេសាទនៅឃុំកំពង់ឃ្លាំង មិនឲ្យចេញទៅប្រកបរបរនេសាទដូចមុនៗនោះឡើយ  ដែលធ្វើឲ្យពួក គាត់ព្រួយបារម្ភ គ្មានអ្វីចិញ្ចឹមជីវិតទៅមុខទៀតឡើយ   ដោយការងាររបរនេសាទនេះ ជាស្រែភ្លឺរបស់ពួកគាត់ប្រចាំថ្ងៃ និង បានជួយឧបត្ថម្ភថវិកាដល់ការសិក្សារបស់កូនៗពួកគាត់

ក្នុងជំនួបជាមួយលោក ស៊ុន ចំណាន នាយករងនាយករដ្ឋបាលសាលាខេត្តនាឱកាសនោះ ក៏បានសម្តែងពីការទុក្ខ ព្រួយរបស់បងប្អូនប្រជានេសាទ ដែលមានមុខរបរអូសលៀសចិញ្ចឹមជីវិត ដែលបានបន្តតំណរតៗគ្នាមក ក្នុងនោះដែរលោកបានគូសបញ្ជាក់ថា  ធនធានបឹងទន្លេសាបយើង ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែបាត់បង់ពពួកមច្្ឆាមួយចំនួន ព្រមទាំង ព្រៃលិចទឹកជាដើម លោកបានបន្តទៀតថា  យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញបានឲ្យដឹងថា  ចំពោះការនេសាទ អូសលៀសនៅក្នុងបឹងទន្លេសាបនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវចម្រុះក្នុងបឹងទន្លេសាប ធ្វើឲ្យបាត់បង់ទីជម្រកពង់ត្រី និង ធ្វើឲ្យផ្ទៃទឹកបាតទន្លេប្រកបទៅជាតិពុលទៀតផង  ម៉្យាងចំពោះការនេសាទអូសលៀសនេះ មានទំហំធំធេងខុសប្លែកពីមុន ដោយប្រើឧបករណ៍ទំនើបៗធ្វើការអូសទាញ ដែលធ្វើឲ្យការកកើតនៃលៀសធំធាត់មិនទាន់ ទៅតាមតម្រូវការរបស់យើងឡើង   ចំពោះការនេសាទលៀសនេះ ក៏ធ្វើឲ្យអន្តរាយពូជលៀសក្នុងបឹងទន្លេសាប  ដោយការនេសាទនេះមិនត្រឹមបំពេញតម្រូវការរបស់មនុស្សនោះទេ ថែមទាំងយកទៅធ្វើជាចំណីសត្វទៀតផង ម៉្យាងទៀតដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការនេសាទហួសប្រមាណដែលអាចបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការនេសាទបែបពាណិជ្ជកម្មលើបឹងទន្លេសាបត្រូវបានហាមឃាត់ ក្នុងគោលបំណង ដើម្បីស្តារ និង ជម្រុញការអភិរក្ស ធនធានធម្មជាតិបឹងទន្លេសាបផងដែរ។

ក្នុងនោះ លោក ស៊ុន ចំណាន ក៏បានធ្វើការណែនាំ និងផ្តល់នូវគំនិតល្អៗមួយចំនួន ដល់បងប្អូនប្រជានេសាទ ត្រូវចេះធ្វើការកែប្រែខ្សែជីវិត និង សេដ្ឋកិច្ចរស់នៅរបស់បងប្អូន ចេញផុតពីការនេសាទ មកប្រកបរបរផ្សេងៗ មិនត្រូវពឹងផ្អែកទៅការនេសាទមួយមុខ គឺត្រូវធ្វើការបណ្តុះ   បណ្តាលកូនចៅ ឲ្យបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់  ដើមី្បកសាងអនាគតឲ្យពួកគាត់ជៀសផុតពីតំណរក្នុងការធ្វើនេសាទនេះ    លោកបានបញ្ជាក់ថា រាល់សំណូមពររបស់បងប្អូនដែលបានលើកឡើងនេះ លោកនឹងដាក់ជូនគណៈអភិបាលខេត្ត ធ្វើការដោះស្រាយពីទុក្ខកង្វល់របស់បងប្អូន   ម៉្យាងទៀតនៅពេលខាងមុខនេះ ក្រុមការងារខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្ត នឹងចុះជួបបងប្អូនដោយផ្ទាល់ផងដែរ