(គេហទំព័រ ពន្លឺខ្មែរអមតៈ)ឃាត់ខ្លួនបានសម្រេចជនសង្ស័យចំនួន ០៩នាក់ ពាក់ព័ន្ធករណីសម្លាប់សត្វឆ្កែយកទៅធ្វើម្ហូប..ក្លែម

ផ្សាយថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882676167

ខេត្តកំពត៖ ជនសង្ស័យចំនួន ០៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានបុរសជាម្ចាស់សត្វឆ្កែបានស្រែកទ្រហោយំយ៉ាងខ្លាំង ដោយបានឃើញសត្វឆ្កែជាទីស្រឡាញ់របស់ខ្លួនត្រូវបានក្រុមកម្មករសំណង់មួយក្រុមនៅក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ចាប់សម្លាប់និងកាប់ជាកង់ៗ ដើម្បីធ្វើម្ហូបក្លែមជាមួយស្រា។

រឿងរ៉ាវមួយនេះបានធ្វើឲ្យផ្ទុះកក្រើកនៅលើបណ្តាញសង្គម និងមានការប្រតិកម្មរិះគន់យ៉ាងខ្លាំងទៅលើក្រុមកម្មករដែលចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូនដែលជាទីស្រឡាញ់យកទៅធ្វើម្ហូមក្លែម។

ទាក់ទិនករណីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ព័ត៌មានថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ដើម្បីសាកសួរពាក់ព័ន្ធករណីចាប់សត្វឆ្កែយកទៅសម្លាប់ធ្វើម្ហូប។

លោកស្នងការបានបញ្ជាក់បន្ថែមទៀតថា «សត្វឆ្កែក៏ត្រូវតែមានយុត្តិធម៏ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូបជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ»។

ជនសង្ស័យទាំង០៩នាក់ រួមមាន៖

១.ឈ្មោះ តុក ឡុង ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងស្កន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

២.ឈ្មោះ អ៊ាន ពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិចំរើនផល សង្កាត់បឹងទំពន ខណ្ឌមានជយ័ រាជធានី ភ្នំពេញ។

៣.ឈ្មោះ វង្ស វណ្ណេត ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

៤.ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

៥.ឈ្មោះ ស្រេង បូរិទ្ធ ភេទប្រុស អាយុ៣៣ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មគោល ឃុំរអាង ស្រុកំពង់សៀម ខេត្តសៀមរាប។

៦.ឈ្មោះ អ៊ុ សំអុល ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

៧.ឈ្មោះ ហៀប លីត ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តពៃ្រវែង។

៨.ឈ្មោះ សាន សុគុន ភេទប្រុស អាយុ៥២ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

៩.ឈ្មោះ នេត តេង ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

ពាក់ព័ន្ធទៅនឹងករណីឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់ខាងលើនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងនូវក្តីរីករាយនិងសាទរចំពោះចំណាត់ការទៅលើក្រុមជនសង្ស័យទាំងនោះ ដែលចាប់ឆ្កែរបស់ប្រជាពលរដ្ឋយកទៅសម្លាប់ធ្វើស៊ី៕