
គណ:ប្រតិភូទេសចរណ៍អេកម៉ិក និង CLMV វាយតម្លៃខ្ពស់ចំពោះតួនាទីសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ ក្នុងសហគមន៍ ! ចេញផ្សាយថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ គណ:ប្រតិភូទេសចរណ៍ នៃក្រុមប្រទេសអេកម៉ិក (ACMECS) និងប្រទេស CLMV បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានផលិតផលទេសចរណ៍ក្នុងតំបន់ ក៏ដូចជារបស់សហគមន៍ទេសចរណ៍ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋផ្ទាល់ក្នុងសហគមន៍។
គណ:ប្រតិភូទេសចរណ៍ នៃក្រុមប្រទេសអេកម៉ិក (ACMECS) និងប្រទេស CLMV ការកោតសរសើរ និងវាយតម្លៃបែបបនេះ ក្នុងអំឡុងពេលទស្សនកិច្ច នៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ គណ:ប្រតិភូអន្តរជាតិប្រមាណជិត ១០០នាក់នេះ ដឹកនាំដោយលោកស្រី កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងមានវត្តមានលោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ, ព្រមទាំងតំណាងក្រសួងសណ្ឋាគារមីយ៉ាន់ម៉ា, ក្រសួងទេសចរណ៍ និងកីឡាថៃ និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមផងដែរ។
គណ:ប្រតិភូចម្រុះជាតិសាសន៍ បានដើរទស្សនាទូទាំងបរិវេណសហគមន៍ និងបានស្ដាប់នូវការធ្វើបទបង្ហាញរបស់លោកប្រធានសហគមន៍ សូត្រ សួរ ព្រមទាំងបានទទួលទានអាហារពេលថ្ងៃត្រង់ និងសិក្សាឈ្វេងយល់នូវចំណុចពិសេសៗជាច្រើនទៀត។
លោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការបង្កើតសហគមន៍ និងផលិតផលទេសចរណ៍ថ្មីៗ គោលបំណង ដើម្បីប្រជាសហគមន៍ និងបង្កើតឱកាសការងារដល់ប្រជាជន ការរៀបចំសេវាកម្មកម្សាន្ត សេវាកម្មម្ហូបអាហារ ភេសជ្ជ: និងបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរ ការបណ្ដុះបណ្ដាល និងប្រើប្រាស់បុគ្គលិក ការចូលរួមជួយជ្រោមជ្រែងពីសំណាក់ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួង ស្ថាប័ន អាជ្ញាធរ និងដៃគូពាក់ព័ន្ធ ការរៀបចំឱ្យមានការទាក់ទាញ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជន យុវជននៅក្នុងភូមិផងដែរ។
បើតាមលោក សូត្រ សួរ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ប្រមាណជា៣០០គ្រួសារ កំពុងទទួលបានផលដោយផ្ទាល់ និងច្រើនរយគ្រួសារផ្សេងទៀតទទួលបានផលដោយប្រយោលពីការបង្កើតសហគមន៍ទេសចរណ៍មួយនេះ។
គួរជម្រាបថា ដំណើរទស្សនកិច្ចនៅតំបន់អង្គរនេះគឺធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២៕
អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!
សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ។