អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញជាអធិបតី សម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម ! ចេញផ្សាយថ្ងៃអង្គារ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់របស់ខ្លួន ព្រមទាំងវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុចា អញ្ជើញមកទស្សន:កិច្ចនៅប្រាសាទអង្គរវត្ត និងសម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប។ ឯកឧត្តម JAGDEEP DHANKHAR និងគណ:ប្រតិភូ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប នៅម៉ោង ៣រសៀលតាមរយ:យន្តហោះពិសេសផ្ទាល់ខ្លួន ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ពិន ប្រាកដ អភិបាលរងខេត្ត ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តម សួស សុខចាន់សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។ នៅក្នុងពិធីសម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្មឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក យុន លីណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។ បន្ទាប់មកឯកឧត្តមអនុប្រធានាធិបតី និងគណ:ប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញទៅទស្សនាប្រាសាទអង្គវត្ត និងនិវត្តទៅកាន់មាតុប្រទេសវិញនៅវេលាម៉ោង៥ និង៤៥នាទីល្ងាចនាថ្ងៃដដែល តាមរយ:យន្តហោះពិសេសរបស់ខ្លួន។

សូមជំរាបថា៖ សាលរបាំដែលស្ថិតក្នុងប្រាសាទតាព្រហ្ម ត្រូវបានជួសជុល ដោយក្រុមអ្នកជំនាញពីប្រទេសឥណ្ឌា ដែលមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ហើយគម្រោងជួសជុលសាលរបាំនេះ គឺស្ថិតក្នុងដំណាក់កាលទី២ ដែលត្រូវជួសជុលដំបូលកណ្តាល។ លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានរៀបរាប់ពីការងារជួសជុលថា៖ ការជួសជុលនេះ គឺស្ថិតក្នុងគម្រោងដំណាក់កាលទី២ ដែលចាប់ផ្តើមនៅក្នុងឆ្នាំ២០១៧មក។
សាលរបាំត្រូវបានជួសជុលក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០១០ អ្នកជំនាញបានប្រើពេលជាង២ឆ្នាំ សម្រាប់ការធ្វើកំណាយ មុននឹងចាប់ផ្តើមការងារជួសជុលនៅចុងឆ្នាំ២០១២។ លោកចាន់ ឡាយ បន្ថែមថា៖ ក្នុងការងារជួសជុលដំណាក់កាលទី១ គឺចាប់ផ្តើមពីជ្រុងខាងជើង ដោយជួសជុលពីគ្រឹះដល់ដំបូល ដោយបញ្ចប់នៅឆ្នាំ២០១៤។ ឯក្នុងដំណាក់ទី២ គឺបន្តជួសជុលភ្ជាប់ទៅដំបូលកណ្តាល។ ការងារជួសជុលសាលរបាំប្រព្រឹត្តទៅដោយរលូន និងមានសោភ័ណស្រស់ស្អាត តែតាមគម្រោង អ្នកជំនាញបានទុកផ្នែកខ្លះ ដែលបាក់បែកឲ្យនៅសភាពដើម ដោយសារក្រុមអ្នកជំនាញយល់ថា វាអាចជាចំណែកមួយទាក់ទាញភ្ញៀវទេសចរ ដើម្បីប្រៀបធៀបចំណុច ដែលបានជួសជុល និងចំណុលដែលគ្រាន់ជាគំនរថ្ម ដែលពុំមានការជួសជុលនោះ។ សាលរបាំ បើតាមការរម្លឹកពីក្រុមការងារជួសជុលនៅទីនោះ គឺមុនពេលមានការជួសជុល សាលនេះគ្រាន់តែជាគំនរថ្មតែប៉ុណ្ណោះ ហើយដំបូលនៃសាលនេះ ជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់ ដោយឡែកក្រុមការងារជួសជុលបានចាប់ផ្តើមរើថ្មចេញ និងបង់លេខ ដើម្បីងាយស្រួលក្នុងការរៀប និងជួសជុលឡើងវិញ។
គម្រោងនេះប្រើប្រាស់កម្មករចំនួន ១១៨នាក់ ដោយក្នុងនោះ អាជ្ញាធរជាតិអប្សរា បានបញ្ជូនកម្មករចំនួន ២៥នាក់ សម្រាប់ការងារសហប្រតិបត្តិការនេះផងដែរ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!
សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ។