ប្រជាពលរដ្ឋចំនួន១៩គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកដងទង់ មកតវ៉ានៅមុខតុលាការខេត្តកំពត ទាក់ទិននឹងគណៈកម្មការសន្សំប្រាក់ក្បត់ទំនុកចិត្ត
(ខេត្តកំពត)៖ ប្រជាពលរដ្ឋចំនួន១៩ គ្រួសារមកពីឃុំ៣ គឺឃុំស្រែជាខាងជើង, ឃុំស្រែជាខាងត្បូង និងឃុំដងទង់ ក្នុងស្រុកដងទង់ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ បានលើកគ្នាមកតវ៉ានៅមុខសាលាដំបូងខេត្តកំពត ដើម្បីឱ្យតុលាការជួយពន្លឿនដោះស្រាយករណីគណៈកម្មការសន្សំប្រាក់រឿងក្បត់ទំនុកចិត្ត។
យោងតាមសំដីលោក ស៊ុ នាក់ តំណាងប្រជាពលរដ្ឋទាំង១៩គ្រួសារបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ទាំង១៩គ្រួសារឡើងមកតុលាការនេះគឺមានគោលបំណងចង់ជួបតំណាងអយ្យការអមសាលាដំបូងខេត្តកំពត ដើម្បីសាកសួរនូវសំណុំរឿង និងពាក្យបណ្តឹងរបស់ពួកគាត់ពីបទរំលោភទំនុកចិត្ត ដែលអង្គហេតុកើតឡើងពីការដាក់ប្រាក់សន្សំនៅក្នុងសមាគមគណកម្មការសន្សំប្រាក់មួយនៅក្នុងស្រុកដង ដែលមានមេដឹកនាំក្នុងគណកម្មការគ្រប់គ្រងចំនួន១២នាក់ជាអ្នកគ្រប់គ្រងទឹកប្រាក់សន្សំពីពួកគាត់ចំនួន៣២គ្រួសារដែលសរុបទឹកប្រាក់ចំនួន ៥៥៤,៦៦៣,៤១៦,០០រៀល ។ ប៉ុន្តែចំនួនទឹកប្រាក់សរុបខាងលើ កន្លងមក គណកម្មការគ្រប់គ្រងប្រាក់សន្សំនេះបានដោះស្រាយបំណុលប្រាក់សន្សំដល់ម្ចាស់បំណុលចំនួន១៣គ្រួសាររួចរាល់ហើយ ដែលមានទឹកប្រាក់សរុបចំនួន១៣៥,២៧៨,៤៦៤ រៀល ។ នៅសល់ចំនួន១៩ គ្រួសារទៀត ដែលសរុបទឹកប្រាក់ចំនួន ៤១៩,៣៨៤,៩៥២ រៀលទៀត ដែលមិនព្រមសងដល់ពួកគាត់ជាកូនបំណុល ហើយបានដាក់ពាក្យបណ្តឹងតាំងពីថ្ងៃទី២២ ខែ ១០ ឆ្នាំ ២០១៩ ពេលនោះពួកគាត់ក៏បានរកមេធាវីដើម្បីជួយការពារក្តីតាមផ្លូវច្បាប់ ជូនពួកគាត់ផងដែរ។
លោកស៊ុ នាក់ បានឲ្យដឹងទៀតថា ដោយសារតែពួកគាត់បានដឹងពត៌មានថា: តុលាការបានកោះហៅអ្នកគ្រប់គ្រងប្រាក់សន្សំរបស់ពួកគាត់ឡើងមកតុលាការដើម្បីសាកសួរ ទើបពួកគាត់ចង់ដឹងថាតើរឿងហេតុតាមពាក្យបណ្តឹងរបស់ពួកគាត់ តុលាការចាត់ការតាមផ្លូវច្បាប់ដល់ណាហើយ។ ប៉ុន្តែជាអកុសល ការកោះហៅរបស់តុលាការឱ្យគណកម្មការដែលត្រូវពួកគាត់ប្តឹងនោះត្រូវបានមេធាវីការពារក្តីរបស់ពួកគាត់សុំពន្យាពេលទៅថ្ងៃក្រោយវិញ។
ប្រជាពលរដ្ឋទាំង១៩គ្រួសារ បាននិយាយដូចៗគ្នាថា រឿងពាក្យបណ្តឹងរបស់ពួកគាត់ បើតុលាការខេត្តកំពត មិនដោះស្រាយជូនពួកគាត់ទេនោះពួកគាត់និងធ្វើពាក្យបណ្តឹងឡើងទៅក្រសួងយុត្តិធម៌ដើម្បីឲ្យលោកជួយអន្តរាគមន៍រកយុត្តិធម៌ជូនពួកគាត់នៅពេលដ៏ខ្លីខាងមុខនេះ។
ជុំវិញរឿងរ៉ាវខាងលើ លោក អែម យ៉ាត មានតួនាទីជានាយកសាលាត្រពាំងផ្នែល និងលោក សិត សារ៉ុម ជាស្មៀនឃុំស្រែជាខាងជើង ស្រុកទងទង់ ខេត្តកំពត ដែលជាសមាជិកក្នុងចំណោមគណៈកម្មការទាំង១២រូប បានប្រាប់ កម្ពុជាថ្មី នៅព្ថឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះថា លោកពិតជាទទួលស្គាល់ពីការបង្កើតសមាគម គណៈកម្មការសន្សំប្រាក់ប្រាកដមែន ហើយអ្វីដែលប្រជាពលរដ្ឋចំនួន១៩គ្រួសារលើកឡើងនោះ គឺត្រឹមត្រូវប្រាកដមែន។ប៉ុន្តែអំឡុងពេលនេះខាងគណៈកម្មការសន្សំប្រាក់ពុំទាន់មានលទ្ធភាពសងទៅប្រជាពលរដ្ឋវិញឡើយ ដោយសារប្រាក់ទាំងអម្បាលមាន ត្រូវបានយកទៅឱ្យកូនបំណុលផ្សេងទៀតខ្ចីបន្ត ហើយប្រមូលមកវិញក៏មិនបាន ទើបគណៈកម្មការសន្សំប្រាក់ ពុំទាន់មានលទ្ធភាពបង្វែរបំណុលនេះជូនប្រជាពលរដ្ឋចំនួន១៩គ្រួសារវិញតាមការសន្យា។លោក អែម យ៉ាត និងលោក សិត សារ៉ុម បានបំភ្លឺទៀតថា ប្រាក់ដែលប្រមូលពីប្រជាពលរដ្ឋទាំង៣២គ្រួសារ បើគិតរួមនឹងការប្រាក់ គឺមានចំនួន ៥៥៤,៦៦៣,៤១៦ រៀល ប៉ុន្តែ គណៈកម្មការបានបង្វែរសងទៅប្រជាពលរដ្ឋចំនួន១៣គ្រួសារ នូវទឹកប្រាក់ ១៣៥,២៧៨,៤៦៤ រៀល។ចំណែក ១៩គ្រួសារទៀត ពិតជាពុំទាន់មានលទ្ធភាពសងឡើយ ដោយរង់ចាំការប្រមូលសន្សំសងវិញនៅពេលក្រោយ។
សូមជម្រាបថា៖ គណៈកម្មការសមាគមសន្សំប្រាក់ត្រូវបានបង្កើតឡើងដោយអាជ្ញាធរនៃឃុំស្រែជាខាងជើង នៃស្រុកដងទង់ ខេត្តកំពត មានសមាសភាពចំនួន១២រូប រួមមាន៖ ១-លោក កែវ គីម ភេទប្រុស តួនាទី ជាមេឃុំ ស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ,២-អ្នកស្រី កែវ សុខុម ក្រុមប្រឹក្សា ឃុំស្រែជាខាងជើង ,៣-លោក គឹម គ័ង សុខុម ជាជំទប់ទី១ ឃុំស្រែជាខាងជើង ស្រុកដងទង់ ,៤-លោក សិត សារ៉ុម ភេទប្រុស ជាស្មៀនឃុំ ស្រែជាខាងជើង ស្រុកដងទង់ ,៥-លោក អែម យ៉ាត ភេទប្រុស ជានាយកសាលាត្រពាំងផ្នែល ឃុំស្រែជាខាងជើង ស្រុកដងទង់ ,៦-លោក ផូ សុធី ភេទប្រុស ជានាយកសាលាខ្នាចប្រីយ៍ ឃុំស្រែជាខាងជើង ស្រុកដងទង់ ,៧- លោក គង់ បូផា ភេទប្រុស ជានាយករងត្រពាំងផ្នែល ,៨-លោក បូ ណាត ភេទប្រុស តួនាទីជាអធិការរងនគរបាលស្រុកដងទង់ ,៩-លោក យ៉ែម រីណា ភេទប្រុស នាយរងប៉ុស្តិ៍នគរបាល ឃុំស្រែជាខាងជើង ,១០-លោក ជិន សារឹម ភេទប្រុស ជាសមាជិកបក្សឃុំស្រែជាខាងជើង ,១១-លោក គួ ម៉ៅ ភេទប្រុស សមាជិកបក្សឃុំស្រែជាខាងជើង និងទី១២-អ្នកស្រី ដាវ លីដា សមាជិកបក្សឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត៕