ឯកឧត្តម ស សុខា បានសម្តែងនូវការថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកពាមជរ ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន…! ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកពាមជរ ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន ធ្វើអោយស្រុកពាមជរ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ សមិទ្ធផលទាំងអស់នេះ ពិតជាបានចូលរួមអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងស្រុកពាមជរ ក៏ដូចជានៅទូទាំងប្រទេស ដែលបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃនេះ។ ហើយអតីតយុទ្ធជន និងនិវត្តជនទាំងអស់ មិនថានៅក្នុងស្រុកពាមជរ ទេ នៅទូទាំងប្រទេសកម្ពុជា គឺជាសាក្សីរស់ឆ្លងកាត់សម័យសង្គ្រាម និងបានដឹងងច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានកាប់សម្លាប់ បំបិទសិទ្ធិសេរីភាពគ្រប់បែប បិទសាលារៀន បង្ខំឲ្យកុមារធ្វើការ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ ការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្ស ក៏គ្មានដែរ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សែត លីណា