រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំក្រុមប្រឹក្សាសាមញ្ញលើកទី១០អាណត្តិទី៣
(ខេត្តកំពត)៖ រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១២ ខែមីនា សឆ្នាំ២០២០ បានបើកកិច្ចប្រជុំសាមញ្ញលើទី១០អណត្តិទី៣ ក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តអាជ្ញាធរក្រុងស្រុកសរុប៨២នាក់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្តបាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែល រដ្ឋបាលគ្រប់ជាន់ថ្នាក់ មន្ទីរ អង្គភាព ជំនាញក្នុងខេត្តបានយកចិត្តទុកដាក់អនុវត្ត និងដោះស្រាយ បាននូវរាល់បញ្ហាប្រឈមនិងសំណូមពរ តម្រូវការជូនប្រជាពលរដ្ឋសម្រេច លទ្ធផលបានល្អប្រសើរ ពិសេស នៅចំពោះមុខសភាពការណ៍ថ្មីៗនេះ លើបញ្ហាការរីករាលដាលមេរោគ កូរ៉ូណាឬ(Covid.19) ដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាយើង បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានេះ។ ដោយក្នុងនោះរដ្ឋបាលខេត្ត ក្រុង ស្រុកនិងមន្ទីរជំនាញពាក់ព័ន្ធ បានរួមចំណែកយកចិត្តទុកដាក់លើវិធានការណ៍ ឆ្លើយតបក្នុងការត្រៀមលក្ខណៈ បង្ការការពារទប់ស្កាត់ ដោយមានការរៀបចំមន្ទីរពេទ្យបង្អែកទាំង៥ក្នុងខេត្តសម្រាប់ប្រយុទ្ធប្រឆាំងជំងឺនេះ។
ទន្ទឹមនឹងនោះលោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញក្នុងខេត្ត បន្តយកចិត្តទុកដាក់ បង្កើនការខិតខំដោះស្រាយរាល់បញ្ហាប្រឈមនិងសំណូមពរ ឬបញ្ហាផ្សេងៗទៀតដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស ចៀសវាងការដោះស្រាយមានការយឺតយ៉ាវរវាងអ្នកមានអំណាចមានលុយជាមួយនឹងប្រជាពលរដ្ឋ ប្រសិនបើបញ្ហាទាំងនេះកើតឡើងអាចនាំឱ្យប្រជាពលរដ្ឋយើង យល់ច្រឡំ អស់ជំនឿលើការដឹកនាំរបស់រដ្ឋបាលខេត្តក៏ដូចជារាជរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំនេះដែរ លោក ជាវ តាយអភិបាលខេត្តកំពត បានបញ្ជាក់ឱ្យដឹងពាក់ព័ន្ធនឹងការងារចុះធ្វើវេទិកាសាធារណៈ នៅតាមបណ្ដាមូលដ្ឋានក្រុង ស្រុក សង្កាត់ដោយគិត ចាប់ពីខែវិច្ឆិកាឆ្នាំ ២០១៩រហូតមកដល់ពេលនេះមានរយៈពេល៥ខែរួចមកហើយ។ ជាលទ្ធផលបានដោះស្រាយបញ្ហាប្រឈមនិងសំណូមពរជូនប្រជាពលរដ្ឋរួចរាល់អស់ហើយបានចំនួន៣១ ក្នុងនោះបាននឹងកំពុងជំរុញការដោះស្រាយមានចំនួន៤៧និងនៅមិនទាន់បានដោះស្រាយចំនួន៨៨ ហើយរដ្ឋបាលខេត្តនិងខិតខំជំរុញការដោះស្រាយបន្តទៀត ដើម្បីធ្វើយ៉ាងណាការដោះស្រាយពីច្រើន ឱ្យមកតិចឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។
ដោយឡែកការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងការដោះស្រាយ បញ្ហាផ្សេងៗ ក្នុងករណីមានទំនាស់ រវាងបុគ្គលនិងបុគ្គលនៅថ្នាក់មូលដ្ឋានក្រុងស្រុកឃុំសង្កាត់ ឯកឧត្តមក៏បានបញ្ជាក់ថាគឺផ្អែកលើការដោះស្រាយរបស់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងវិធានទី១ ហើយបើដោះស្រាយមិនបានរាយការណ៍មករដ្ឋបាលថ្នាក់ខេត្តជាការដោះស្រាយវិធានទី ២ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប៉ុន្តែអ្វីដែលហួសពីដែនសមត្ថកិច្ចរបស់ខេត្តត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចជាអ្នកដោះស្រាយ តាមនីតិវិធីច្បាប់ដោយមិនទុកឱ្យបុគ្គលរំលោភច្បាប់រួចខ្លួនបានឡើយ។
លោកអភិបាលខេត្តក៏បាន ថ្លែងអំណរគុណដល់សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ដែលតែងតែសហការគាំទ្រ និងលើកទឹកចិត្តរាល់គម្រោងអភិវឌ្ឍន៍របស់ខេត្ត ដែលធ្វើឲ្យខេត្តមានការរីកចម្រើនទាំងនយោបាយ សេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ ជាមះយនេះលោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពក្នុងខេត្តត្រូវបង្កើនកិច្ចសហការ ក្នុងការអភិវឌ្ឍក្រុង ស្រុកឃុំ សង្កាត់ និងមូលដ្ឋានដើម្បីឆ្លើយតបគោលនយោបាយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស៕