សម្តេច​តេជោ ហ៊ុន សែន ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​រាជការ​ខេត្ត​បាត់ដំបង​ប្រមាណ ២,៣០០​នាក់​

(​បាត់ដំបង​)៖ ក្នុង​ដំណើរ​អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅលើ​ទឹកដី​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មីនា ឆ្នាំ​២០២០​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ចូល​ជួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ការងារ ជូន​ដល់​មន្ត្រីរាជការ​ក្នុង​ខេត្ត​ប្រមាណ​ជា ២,៣០០​នាក់​។​

​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ប្រាប់ ព័ត៌មាន កម្ពុជា​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២០​ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បាត់ដំបង សមាជិក សមាជិកា​ក្រុមការងារ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួនទៀត ក៏​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​សំណេះសំណាល​នេះ​ផង​ដែរ​។​

​ក្រៅពី​នោះ​មន្ត្រីរាជការ​ក្នុង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ទាំង​១៤ សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង​១០២ ព្រមទាំង​នាយក​សាលា​បឋម​សិក្សា​នៅ​ទូទាំង​ខេត្ត ក៏​ត្រូវបាន​អញ្ជើញ​ចូលរួម ក្នុង​កិច្ច​សំណេះសំណាល​ដ៏​កម្រ​នេះ​ផងដែរ​។​

​បើ​តាម​លោក​អភិបាលខេត្ត​បាត់ដំបង ប្រធានបទ​នៃ​កិច្ច​សំណេះសំណាល​មិនទាន់​ដឹង​នៅឡើយ​នោះទេ​។ តែ​ទោះជា​យ៉ាងណា​លោក​អភិបាលខេត្ត បានបង្ហាញ​ក្តីរីករាយ ដែល​មន្ត្រីរាជការ​នៅ​ទូទាំង​ខេត្ត​ទទួលបាន​ការផ្តល់​កិត្តិយស​ដ៏​ឧត្តុងឧត្តម ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ផ្តល់​កិច្ច​សំណេះសំណាល និង​ឱវាទ​ផ្សេងៗ​ដោយផ្ទាល់​។​

​លោក ងួន រតនៈ បាន​បន្ថែមថា ឱវាទ និង​ដំបូន្មាន​ទាំងឡាយ​របស់​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​នៅក្នុង​ជំនួប នឹង​បាន​ជា​គតិ​បន្ថែមទៀត ដល់​មន្ត្រីរាជការ​ក្នុង​ខេត្ត​បំពេញការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការអភិវឌ្ឍ​ខេត្ត ក៏ដូចជា​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា នៅថ្ងៃនេះ ក្រៅពី​ការជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ នៅ​ពេល​ព្រឹក​ហើយ​នោះ នៅ​ពេល​រសៀល​សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៦​។ ខេត្ត​បាត់ដំបង ជា​ទឹកដី​មាន​អំណោយផល​ខ្ពស់​លើ​ដំណាំ​កសិកម្ម ហើយ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ជា​ខេត្ត​ជង្រុក​ស្រូវ នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​បាត់ដំបង ជា​ខេត្ត​មាន​វប្បធម៌​ដ៏​ចំណាស់​មួយ ហើយក៏​ជា​ខេត្ត​មាន​ប្រវត្តិ​រឿងរ៉ាវ​យ៉ាង​វែង​អន្លាយ​មាន​ទាំង​ឈឺចាប់ និង​រីករាយ​។ ខេត្ត​នេះ ក៏​ជា​ខេត្ត​ដែល​រងគ្រោះ​ពី​វិបត្តិ​នៃ​ភ្លើងសង្គ្រាម​ផងដែរ​។ ដែនដី​មួយ​ភាគ​ធំ​នៃ​ខេត្ត​នេះ ទើប​នឹង​ត្រូវបាន​បញ្ចប់​ភ្លើងសង្គ្រាម​ពេញលេញ​នា​ចុងឆ្នាំ​១៩៩៨​ប៉ុណ្ណោះ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន​។ មនុញ្ញផល​កើតចេញពី​សុខសន្តិភាព កំពុង​ធ្វើ​ឱ្យ​ខេត្ត​បាត់ដំបង ទទួលបាន​ឱកាស​អភិវឌ្ឍន៍ និង​មាន​រីកចម្រើន​គួរ​កត់សម្គាល់​ផងដែរ​។ ព្រោះតែ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​សុខសន្តិភាព​នាំឱ្យ​មាន​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​មួយ​នេះ​ហើយ ទើប​ពិធីបុណ្យ​ទន្លេ​នៅក្នុង​ខេត្ត​បាត់ដំបង​ត្រូវបាន​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​»​។ ប្រធានបទ​នេះ គឺ​ចង់​បង្ហាញ​ឱ្យឃើញថា មាន​សន្តិភាព ទើប​នាំ​ទៅដល់​វិបុលភាព​៕