អភិបាលខេត្តកំពង់ចាម សម្ពោធសមិទ្ធផលនានាក្នុងវត្តជំនីក ស្រុកកោះសូទិន ដែលចំណាយថវិកាសាងសងប្រមាណ៣០ម៉ឺនដុល្លារ
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តពោធិ៍វង្ស ហៅវត្តជំនីក ស្ថិតនៅភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដែលបានសាងសង់រួចរាល់ចំណាយទឹកប្រាក់អស់ ជាង៣០ម៉ឺនដុល្លារអាមេរិក។
លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានឲ្យដឹងថា នៅទូទាំងស្រុកមានវត្តចំនួន២៧ ក្នុងនោះគណៈនិកាយមាន ២៦វត្ត, វត្តធម្មយុត្តិ១វត្ត, មានវិហារឥស្លាម៦កន្លែង និងស៊ូរ៉ាវ២កន្លែង, គ្រឹស្ទសាសនា៣កន្លែង, សាលាពុទ្ធិកសិក្សា១កន្លែង។ ដោយឡែក វត្តពោធិ៍វង្ស ហៅវត្តជំនីកបានកសាងឡើង នៅឆ្នាំ១៩៣៣ បន្ទាប់ពីឆ្លងកាត់ព្រះចៅអធិការ ចំនួន០៣អង្គ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បច្ចុប្បន្នព្រះចៅអធិការវត្ត ព្រះនាម ថៃ គឹមសុន បានដឹកនាំកសាង និងមានការរីកចម្រើនជាបន្តបន្ទាប់។
ជាក់ស្ដែង សមិទ្ធផលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ រួមមាន៖ កុដិ ជួសជុលតំបូល និងខឿនព្រះវិហារ ក្លោងទ្វារ ផ្លូវបេតុង និងចាក់សាប សរុបទឹកប្រាក់អស់ ចំនួន១៣៧,៨៧៤ដុល្លារអាមេរិក និងប្រាក់រៀល ចំនួន៦៩៨,០០៥,៥០០រៀល គឺបានមកពីពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ តាមរយៈបុណ្យកឋិនទាន បុណ្យផ្កា ចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ និងកម្មវិធីផ្សេងៗ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលទាំងអស់នេះ គឺសម្រាប់ទុកជាប្រយោជន៍ ក្នុងការលើកកម្ពស់នូវគុណតម្លៃ នៃវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ តាមរយៈការចូលរួមចំណែកចូលជាថវិកា ពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។
ទន្ទឹមនឹងនោះដែរ សមិទ្ធផលទាំងអស់នេះ គឺជាសមិទ្ធផលដែលកើតចេញពីញើសឈាមរបស់យើងទាំងអស់គ្នា ពីព្រោះថាទម្រាំបានលេចចេញ ជារូបរាងយ៉ាងដូច្នេះ គឺព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទជិតឆ្ងាយ បានខិតខំសន្សំនូវបច្ច័យ ចាប់មគ្គផលបន្តិចម្ដងៗ ដើម្បីបានកសាងសមិទ្ធផលទាំងអស់នេះឡើង។
លោកអភិបាលខេត្ត បានអះអាងថា សមិទ្ធផលនេះ មិនមែនត្រឹមតែបម្រើ និងលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែបានចូលរួមលើកកម្ពស់ ដល់សុខដុមនីយកម្មសម្រាប់សង្គម ជាពិសេសជាទីកន្លែងជួបជុំ សម្រាប់លោកតា យាយ ក៏ដូចជា ពុទ្ធបរិស័ទទូទៅ ដែលមានវ័យចាស់ បានរួមគ្នាមកកសាងនូវបុណ្យកុសលផ្សេងៗផងដែរ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការរីកចម្រើននៃសមិទ្ធផលទាំងអស់នេះ គឺបានដើរស្របគ្នារវាងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ខណៈដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕