(គេហទំព័រពន្លឺខ្មែរអមតះ)សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ

ចេញផ្សាយថ្ងៃទី១១ ខែកញ្ញ ឆ្នាំ២០២០

នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ៩ រោចខែភទ្របទ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូត។

ក្នុងជំនួបនោះ លោកជំទាវ Manika Jain បានគោរពសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា កម្ពុជាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ ដែលរហូតមកដល់ថ្ងៃនេះ អ្នកជំងឺកូវីដ១៩នៅកម្ពុជាបានជាសះស្បើយទាំងស្រុង ជាមួយគ្នានេះផងដែរលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ និងប្រជាជនកម្ពុជាដែលកន្លងមកបានផ្ដល់នូវការគាំទ្រដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរធ្វើឱ្យបេសកកម្មកាទូតរបស់លោកជំទាវនៅកម្ពុជានាពេលនេះជាង២ឆ្នាំកន្លងមកនេះ ទទួលនូវភាពជោគជ័យត្រចះត្រចង់ ក្នុងនោះរួមទាំងមានការអញ្ជើញទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសឥណ្ឌាផង ហើយជាមួយគ្នានោះ ក៏មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀត បានទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ។

លើសពីនេះទៅទៀត ក៏មានការធ្វើដំណើរមកប្រទេសកម្ពុជារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា រដ្ឋមន្ត្រីការពារជាតិឥណ្ឌាផងដែរ ដែលសកម្មភាពទាំងអស់នេះធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកដុះដាលប្រសើរឡើងជាលំដាប់។ លោកជំទាវបានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនីមួយៗមានការចុះហត្ថលេខាលើអនុស្សារណៈ កិច្ចព្រមព្រៀងលើការអភិវឌ្ឍគម្រោងផ្សេងៗផងដែរ ដែលជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអោយកាន់តែល្អបន្ថែមទៀត។

ជាសាក្ខីភាពទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ក្នុងន័យនេះដែរលោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចតេជោថា តាមអ្វីដែលលោកជំទាវបានកត់សម្គាល់ គឺក្នុងរយៈពេលជាង២ឆ្នាំកន្លះនេះ កម្ពុជា និងឥណ្ឌាបានធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នាស្ទើរតែគ្រប់វិស័យទាំងអស់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ Manika Jain និងសហការីទាំងអស់ដែលបានដើរតួយ៉ាងសំខាន់ក្នុងការពង្រីក ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចសម្គាល់ឃើញដូចលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាដែរថា កម្ពុជា និងឥណ្ឌាមានកិច្ចសហប្រតិបត្តិការស្ទើតែគ្រប់វិស័យទៅហើយ ហើយវិស័យនីមួយៗសុទ្ធតែវិស័យសំខាន់ៗក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា អ្វីដែលជាការងារបន្តសម្ដេចតេជោបានជម្រាបជូនលោកជំទាវថា យើងគប្បីណាលើកកម្ពស់អនុស្សារណៈដែលយើងបានចុះហត្ថលេខារួចមក ឱ្យទៅជាកិច្ចព្រមព្រៀង ហើយកិច្ចព្រមព្រៀងដែលយើងបានចុះជាមួយគ្នាគប្បីណាជំរុញការអនុវត្ត ដើម្បីឈានឆ្ពោះទៅការជោគជ័យលើរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយនោះ ។

សម្តេតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា អ្វីដែលយើងបានចុះហត្ថលេខាយើងគប្បីណាពិនិត្យមើលបន្ថែមទៀតក្នុងការពង្រឹងតួនាទី សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីទៅពង្រីកវិសាលភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់លោកជំទាវ សូមជូនពរឱ្យបេសកកម្មកាទូតរបស់លោកជំទាវ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕