(គេហទំព័រពន្លឺខ្មែរអមត:)ប្រជាពលរដ្ឋជាង៤០០គ្រួសារ ដែលធ្លាប់បានរស់នៅលើដីចំណីស្ទឹងតាមបណ្តោយដងស្ទឹងសៀមរាប បានស្ម័គ្រចិត្តរុះរើសំណង់ និងផ្លាស់ប្តូរលំនៅឋានរបស់ខ្លួនមករស់នៅក្នុងស្រុកបន្ទាយស្រី ក្រោមការរៀបចំគោលនយោបាយដោយរដ្ឋបាលខេត្តសៀមរាប
ចេញផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០
ការិយាល័យផ្តល់ព័ត៌មាន ០១៧៧៧៨២៨៩/០៨៨២៤៧៦១៦៧
ខេត្តសៀមរាប : ក្រោយពីការចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មីទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ដែលស្ថិតក្នុង”ភូមិធម្មជាតិរុនតាឯក”ត្រូវបានបញ្ចប់រួចមក ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លីសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ចេញពីទីតាំងចាស់ និងផ្លាស់ប្តូរទីលំនៅមកកាន់ទីតាំងថ្មីនៅក្នុងស្រុកបន្ទាយស្រី ដើម្បីឱ្យរដ្ឋបាលខេត្តអាចអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងស្តារសោភ័ណភាពស្ទឹងសៀមរាបឡើងវិញ។
ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបោះបង្គោលព្រំឱ្យបានត្រឹមត្រូវ រៀបចំប្រព័ន្ធទឹកភ្លើង និងហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របទៅតាមតម្រូវរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកបន្ទាយស្រីនឹងពិនិត្យមើលលទ្ធភាពផ្តល់ការគាំទ្រទាំងសេវារដ្ឋបាល និងការទ្រទ្រង់ជីវភាពរស់នៅ ធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចំណូលថ្មីទាំងជាង៤០០គ្រួសារនេះ អាចសមាហរណកម្មចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ស្រុកបន្ទាយស្រីប្រកបដោយជោគជ័យ និងមានលំនឹងជីវិតនៅលើទ្រនំថ្មីរបស់ខ្លួននៅក្នុងថ្ងៃខាងមុខបាន។