រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពេញចិត្តការរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា ចេញផ្សាយថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្អ 017778289=0882476167
ភ្នំពេញ ÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះ ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការ អនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សេចក្ដីព្រាង អនុក្រឹត្យនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងមន្ត្រី នគរបាលជាតិ ឱ្យកាន់តែមានវិន័យល្អ លើកកម្ពស់ប្រសិទ្ធ ភាពការងារ និងធានានិរន្តរភាពការងារក្នុងអង្គភាពនគរបាល ដើម្បីឆ្លើយតបនឹងគោលបំណងពង្រឹងធនធាន«មនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា សេចក្ដី ព្រាងអនុក្រឹត្យថ្មីនេះ ក៏អនុលោមតាមព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ខណៈបច្ចុប្បន្ន នីតិវិធីស្នើសុំនិងការអនុញ្ញាត ច្បាប់ឈប់សម្រាករបស់មន្រ្តីនគរបាលជាតិ អនុវត្តតាមសេចក្ដីណែនាំលេខ០០១ ដែលទើបចេញនាដើមឆ្នាំ២០២៤។