រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នឹងរឹតត្បិតការប្រព្រឹត្តរបស់ក្រុម MMO ដែលនាំឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តមកលើវិស័យព័ត៌មានវិជ្ជាជីវៈ ចេញផ្សាយថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថាធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នឹងរឹតត្បិតការប្រព្រឹត្តរបស់ក្រុម MMO (Make Money Online) ដែលក្រុមនេះបច្ចុប្បន្ននាំឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តមកលើវិស័យព័ត៌មានវិជ្ជាជីវៈទាំងមូល។
លោករដ្ឋមន្រ្តី​បានថ្លែងបែបនេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដោយមានការចូលរួមពីបណ្ដាសមាគមន៍សារព័ត៌មាន ចាងហ្វាងកាសែត និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗជាច្រើនរូបផងដែរ។
ដោយសង្កេតឃើញពីកំណើនប្រព័ន្ធផ្សព្វផ្សាយអនឡាញយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលងាយនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ជាពិសេសគឺការទទួលបានព័ត៌មានមិនពិត នឹងនាំឱ្យមានការសម្រេចចិត្តខុស។ ក្រុមឆ្លៀតឱកាសដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬហៅថាក្រុម MMO តែងតែព្យាយាមប្រមូលយកទិន្នន័យរស៊ើបៗក្នុងសង្គមដែលមិនមានប្រភពច្បាស់លាស់ មកធ្វើការផ្សព្វផ្សាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួនណាមួយ ខណៈដែលបណ្ដាញរបស់ពួកគេទាំងនេះភាគច្រើនមានទីស្នាក់ការនៅឯបរទេស ជាហេតុពិបាកនៅក្នុងការស្វែងរកមុខយកមកដាក់ទោស។
លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រៅអំពីប្រព័ន្ធផ្សព្វផ្សាយបុរាណ ប្រព័ន្ធផ្សព្វផ្សាយទំនើប មានប្រព័ន្ធផ្សព្វផ្សាយច្រើនប្រភេទទៀតដូចជាអ្នកកាសែតអនឡាញ​, អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម, អ្នកកាសែតពលរដ្ឋ, អ្នកផលិតផលមាតិកាក្នុងបណ្ដាញសង្គម, អ្នកដែលមានឥទ្ធិពល (Key Opinion Leader) ហើយយើងក៏និយាយអំពី MMO ដែលជាជនមួយចំនួនមិនមែនជាអ្នកសារព័ត៌មាន ប៉ុន្តែប្រើប្រាស់នូវវិធីសាស្រ្ត មធ្យោបាយផ្សេងៗដើម្បីរកលុយ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា៖​ «ក្រុម MMO កំពុងតែបង្កបញ្ហាច្រើន ដោយសារតែពួកគាត់មិនគិតពីមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានជាធំទេ ប៉ុន្តែពួកគាត់គិតពីការ Like, Share និង Comment ដើម្បីទទួលបានលុយពី Youtube, Facebook, TikTok នេះជាចំណុចមួយដែលបង្កើតឱ្យប្រជាពលរដ្ឋរបស់យើង មានជំនឿទុកចិត្តធ្លាក់ចុះមកលើវិស័យព័ត៌មាន។ អ៊ីចឹងហើយបានជានៅក្នុងក្របខ័ណ្ឌនេះ ដែលយើងត្រូវចាំបាច់ក្នុងការរួមគ្នាគិត រួមគ្នាមើល រួមគ្នាទទួលខុសត្រូវ ទៅលើអាជីពរបស់យើង ដើម្បីធានាបាននូវប្រសិទ្ធភាព គុណភាពព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ»
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានបន្តថា ទាំងនេះ គឺជាបញ្ហារួមដែលត្រូវគិត ដើម្បីកែប្រែរៀបចំសណ្ដាប់ធ្នាប់វិស័យសារព័ត៌មានឱ្យបានល្អ ខណៈបច្ចុប្បន្ននេះវិស័យព័ត៌មាននៅមិនទាន់មានសណ្ដាប់ធ្នាប់ល្អនៅឡើយ បើទោះបីមានបរិមាណច្រើនក៏មិនប្រាកដថាមានគុណភាពនោះដែរ ដែលនេះជាការចាំបាច់ត្រូវប្រែក្លាយពីបរិមាណ ដោយគិតពីគុណភាពវិញ។ យមានបញ្ហាទាំងអស់នេះ ទើបក្រសួងព័ត៌មានរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះឡើងមក ដើម្បីជាការសម្របសម្រួលបន្ថែមពីចន្លោះប្រហោងនៅក្នុងវិស័យមួយនេះ។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំពោះបញ្ហាទទួលបានព័ត៌មានក្លែងក្លាយនេះ គឺមិនមែនតែកម្ពុជានោះ ប៉ុន្តែបណ្តាប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែបានជួបប្រទះទាំងអស់។ បន្ថែមសម្រាប់ការទទួលបានដំណឹងក្លែងក្លាយ និងព័ត៌មានក្លែងក្លាយ វាមិនមែនទើបនឹងកើតឡើងនៅក្នុងបរិបទរីកចម្រើនផ្នែកបច្ចេកវិទ្យានេះទេ គឺមានតាំងពីយូរណាស់មកហើយ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ បានសង្ឃឹមថាធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នឹង​ក្លាយទៅជា​ស្តង់​ដា​ប្រតិបត្តិ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ជាតិ​សម្រាប់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​គោរព​និង​ប្រតិបត្តិ​តាម​ ​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ​តាមរយៈ​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​ទំនួល​ខុសត្រូវ​វិជ្ជាជីវៈ​នូវ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​ ​និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា។
សូមបញ្ជាក់បន្ថែមទៀតថា សេចក្តីព្រៀងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលក្រសួងព័ត៌មានកំពុងតែប្រឹងប្រែងបង្កើតឡើងនេះមាន៦ជំពូក៖
ជំពូកទី១៖ បទប្បញ្ញតិ្តទូទៅ
ជំពូកទី២៖ គោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន
ជំពូកទី៣៖ សិទ្ធិ ករណីយកិច្ច និងការគាំពារ
ជំពូកទី៤៖ ការទទួលខុសត្រូវ
ជំពូកទី៥៖ យន្តការតាមដាន វាយតម្លៃ និងលើកទឹកចិត្តចំពោះការអនុវត្ត
ជំពូកទី៦៖ អវសានប្បញ្ញត្តិ។
គោលបំណងនៃការបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានេះ គឺដើម្បីរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាព និងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។
ក្រសួងព័ត៌មានសង្ឃឹមថា ក្រោយពេលដែលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ នោះនិងធ្វើអោយបរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជាព្រមទាំងធានាបានលំហ និងសន្តិសុខព័ត៌មាននៅប្រទេសកម្ពុជា៕