លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួម ពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
សៀមរាប ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ និងមានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាន-អនុប្រធាន នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងសិក្ខាកាមចំនួន ១២០នាក់ ស្រី ២៧នាក់ផងដែរ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ និងលើកឡើងអំពីស្ថានភាពទូទៅ និងលទ្ធផលដែលសម្រេចបានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាពេលកន្លងមក។
ជាមួយគ្នានោះដែលលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល បានធ្វើសេចក្តីរាយការណ៍ អំពីដំណើរការវគ្គសិក្សា តាមកម្មវិធីដែលបានគ្រោងទុកដែលមានរយះពេលចំនួន ២សប្តាហ៍ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១២០នាក់ ស្រី ២៧នាក់។ ក្នុងនោះមានស្នងការរងចំនួន ០៩នាក់ ការិយាល័យជំនាញចំនួន ២៣នាក់ ស្រី ០២នាក់ អធិការដ្ឋានចំនួន ០៧នាក់ និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន ៨១នាក់ ស្រី ២៥នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍លើកសរសើរ ដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍអង្គភាព រួមនិងការបើកវគ្គបំប៉នរយៈពេលខ្លីខាងលើ ជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល គួរជាទីមោទនៈ។ មន្ត្រីនគរបាលទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលនេះ ត្រូវយកទៅអនុវត្តការងារររបស់ខ្លួននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព ពិសេសលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងការងារផ្តល់សេវាសាធារណៈនានា ក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ជូនដល់ប្រជាពលរដ្ឋ ៕