(គេហទំព័រ ពន្លឺខ្មែរអមត:)លោក តុង ហ៊ុយ ថៅកែអាជីវកម្មអេស្កាកាយអាចម៍ដីលក់មិនខ្ចីគោរពច្បាប់កំពុងតែមើលស្រាលដល់អាយុជីវិតនិងសុខភាពទូទៅរបស់មហាជន ដោយអាងលោក ក្អោប រ៉ន ជាមេសង្កាត់ជ្រាវចាំជួយការពារ

ចេញផ្សាយថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167

ខេត្តសៀមរាប ៖ ត្រពាំង ហែផ្កា គឺជាត្រពាំងបុរាណកឋានមួយដែលត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដោយមើលឃើញពីសក្តានុពលផ្នែកវិស័យទេសចរណ៍ទៅថ្ងៃអនាគតត្រពាំងបុរាណមួយនេះត្រូវបាន លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ស្នើសុំទៅអាជ្ញាធរអប្សរា ដើម្បីជីកស្ដារ រៀបចំកែលម្អសោភ័ណ្ឌភាពជុំវិញត្រពាំង ហែផ្កា សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ក៏ដូច ជាប្រយោជន៍ទុកជូនទៅដល់បងប្អូនកូនចៅជំនាន់ក្រោយៗ ហើយត្រូវបានប្រគល់ទៅឲ្យក្រុមថៅកែជីកដី ដែលគេស្គាល់ ថា ឈ្មោះតុង ហ៊ុយ ជាអ្នកម៉ៅការជីកស្ដារដឹកដីយកទៅលក់តាមទីកន្លែងផ្សេងៗដែលប្រជាពលរដ្ឋត្រូវការឬក្រុមហ៊ុនដីឡូទិញអាចម៍ដី។

ប៉ុន្តែរាល់ការដឹកជញ្ជូនដីយកទៅលក់នៅទីកន្លែងផ្សេងៗក្នុងក្រុងសៀមរាបរបស់លោកថៅកែវ័យក្មេងឈ្មោះ តុង ហ៊ុយ មិនបានធ្វើតាមបទដ្ឋានបច្ចេកទេសនិងការណែនាំរបស់អាជ្ញាធរមន្ទីរពាក់ព័ន្ធនោះទេ គឺក្រុមពួកគាត់មានរថយន្តរាប់សិបគ្រឿងដឹកជញ្ជូនដីយកទៅលក់តាមទីកន្លែងផ្សេងៗហើយពុំបានគ្របបិទបាំងអ្វីឡើយ។ ដែលជាហេតុធ្វើឲ្យមានការជ្រុះដី រប៉ាត់រប៉ាយធ្លាក់លើដងផ្លូវក្រាលកៅស៊ូបង្កឲ្យមានការហុយ ហ្នឹងប៉ះពាល់ទៅដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំងផ្លូវក្រហមក៏ដូចជាផ្លូវក្រាលកៅស៊ូ។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អមសងខាងដងផ្លូវក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប លោកមានការមិនសប្បាយចិត្តចំពោះ ក្រុមឡានដឹកដីកំពុងធ្វើចរាចរយ៉ាងគគ្រឹកគគ្រេងនេះថា សកម្មភាពក្រុមអ្នកដឹកជញ្ជូនដីលក់របស់ថៅកែវ័យក្មេងឈ្មោះ តុង ហ៊ុយ ដែលដឹកចេញពីត្រពាំង ហែផ្កា ដោយបងប្អូនប្រជាពលរដ្ឋលើកឡើងថាឡានដឹកដីក្នុងមួយថ្ងៃមួយថ្ងៃរាប់រយគ្រឿង ហើយអាចម៍ដីពេញៗហួសទ្រុងឡាន ហើយក៏មិនឃើញមានការគ្របបិទបាំងដីនៅក្នុងឡាននោះទេ ដែលជាហេតុធ្វើឲ្យដីជ្រោះមកលើផ្លូវក្រាលកៅស៊ូរប៉ាត់រប៉ាយហុយទ្រលោមពិបាកក្នុងការរស់នៅនិងធ្វើដំណើរ។ ការជ្រោះដីរប៉ាត់រប៉ាយមកលើដងផ្លូវ វាគឺជារឿងមធ្យម តែដល់អារឿងងំ នោះគឺឡានដឹកដីបើកបរក្នុងល្បឿនលឿនៗណាស់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍ចំពោះបងប្អូនកូនចៅនិងជាពិសេសកូនតូចរបស់ពួកគាត់។

បងប្អូនប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងរឿងនេះ លោកមេត្តាត្រួតពិនិត្យទៅលើរថយន្តដឹកដីដែលមិនបានគ្រប់បិទបាំង និងត្រួតពិនិត្យនៅចរាចរណ៍ដែលបើកបរក្នុងល្បឿនលឿនៗ របស់លោកថៅកែវ័យក្មេង តុង ហ៊ុយ ព្រោះវាអាចបង្កឲ្យមានហានិភ័យដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនិង វាអាចបង្កអោយប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋទៀតផង៕