(គេហទំព័រ ពន្លឺខ្មែរអមតៈ)លោក ឡេង លាត ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវកាជាប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុយ ស៊ែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
ចេញផ្សាយថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ នៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងលោក ឡេង លាត ជា ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីបណ្តាមន្ទីរ អង្គភាព និងក្រុង ស្រុកផងដែរ។
មានប្រសាសន៍នៅក្នុងពិធីប្រកាសតែងតាំង រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានថ្លែងថាបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានលទ្ធភាពផ្គត់ផ្គត់អគ្គិសនីប្រមាណជា៣៨០០មេហ្គាវ៉ាត់ ក្នុងនោះខេត្តសៀមរាប បានប្រើប្រាស់អស់ប្រមាណជា១០០មេហ្គាវ៉ាត់ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ការប្រើប្រាស់ចរន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា បានធ្លាក់មកត្រឹមតែជាង២ពាន់ម៉េហ្គាវ៉ាត់ ដែលកត្តានេះ បានធ្វើឲ្យអគ្គិសនីកម្ពុជាខាតធនយ៉ាងច្រើន។ យោងតាមឯកឧត្តមរដ្ឋមន្ត្រី បើទោះជាយ៉ាងនេះក្តី គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានខិតខំស្វែងរកនូវប្រភពថាមពលមកផ្គត់ផ្គង់ចែកចាយជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្រាន់ និងមានស្ថេរភាព និរន្តរភាព និងតម្លៃសមរម្យ។
ឯកឧត្តមស៊ុយ សែម បន្តថា ក្នុងគោលនយោបាយផ្គត់ផ្គង់ថាមពលនេះ កម្ពុជាបានអនុវត្តបាននូវការអូសខ្សែតភ្ជាប់បណ្តាញចរន្តអគ្គិសនីបានចំនួន៩៨ភាគរយនៃចំនួនភូមិសរុបចំនួនប្រមាណ១៤.៣៩០ភូមិនៅទូទាំងប្រទេសកម្ពុជា ។ ឯកឧត្តមបន្តថា ក្នុងនោះដែរប្រជាពលរដ្ឋចំនួន៨៤ភាគរយ នៃប្រជាពលរដ្ឋប្រមាណជា២លានខ្នងផ្ទះក៏បានតភ្ជាប់បណ្តាញប្រើប្រាស់រួចរាល់ហើយដែរ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៨៤ភាគរយនៃចំនួន២លានខ្នងផ្ទះនៅទូទាំងប្រទេសកម្ពុជា ត្រូវបានអះអាងថាបានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួចរាល់ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន៩៨ភាគរយ នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ចំពោះភូមិ២ភាគរយដែលនៅសេសសល់មិនទាន់បានបញ្ជូនបណ្តាយអគ្គិសនីទៅនោះ ជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម តែទោះជាយ៉ាងណាក្រសួងនឹងខិតខំរកប្រភពថាមពលផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។ បច្ចុប្បន្នកម្ពុជាមានទំបន់វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់កម្ពុជា។ ក្រៅពីនោះកម្ពុជាក៏នៅមានរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពលដែលទិញពីប្រទេសជិតខាងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ប្រធានមន្ទីរដែលទើបនឹងឡើងកាន់តំណែងថ្មីថា ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរថែមទៀត ហើយត្រូវបន្តអនុវត្តការងារពីប្រធានមន្ទីរចាស់ឱ្យបានជោគជ័យ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះលោក ប្រធានមន្ទីរចាស់ដែលបានខិតខំបំពេញការងារក្នុងរយៈពេលកន្លងមកដែលទទួលបានលទ្ធផលជាផ្លែផ្កានិងទទួលបានជោគជ័យកជាច្រើនជូនខេត្ត ក៏ដូចជារាជរដ្ឋាភិបាលផងដែរ៕