យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Korea Airlines បានជួបគ្រោះថ្នាក់ ខណៈពេលព្យាយាមចុះចតទាំងអាកាសធាតុអាក្រក់ ក្នុងប្រទេសហ្វីលីពីន ប៉ុន្តែគ្មានអ្នកដំណើរណាម្នាក់រងរបួសឡើយ ចេញផ្សាយថ្ងៃអង្គារ៍ ទី២៥ ខែតុលា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ហ្វីលីពីន ÷ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃអាទិត្យ ទី ២៣ តុលា ម្សិលមិញនេះ នៅពេលជើងយន្តហោះ flight KE631 ដែលមានដឹកអ្នកដំណើរចំនួន ១៦២នាក់ និងបុគ្គលិកយន្តហោះ ១១នាក់ បានចុះចតហួសផ្លូវ នៅព្រលានយន្តហោះអន្តរជាតិ Mactan Cebu របស់ហ្វីលីពីន។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Korea Ailines ក្នុងសេចក្តីប្រកាសនៅថ្ងៃចន្ទ ទី ២៤ តុលានេះ។
អ្នកដំណើរ និងបុគ្គលយន្តហោះបានប្រើប្រាស់ឧបករណ៍រអិលខ្លួនចុះ (Slide) ដើម្បីគេចចេញពីយន្តហោះដែលរងការខូចខាងយ៉ាងធ្ងន់ធ្ងរនៅផ្នែកខាងមុខ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកដំណើរទាំងអស់មានសុវត្ថិភាព និងត្រូវបានហែហមដោយបុគ្គលិកសង្គ្រោះ»។
យន្តហោះនោះបុកជាប់នៅស្មៅនៅជិតកន្លែងផ្លូវរត់បណ្តាលឱ្យមានការបិទព្រលានយន្តហោះ។ ជើងហោះហើរជាច្រើនដែលធ្វើដំណើរទៅកាន់ និងមកពីខេត្ត Cebu ត្រូវបានលុបចោល ដោយក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន Philippine Airlines បានប្រកាសដំបូងថា ជើងហោះហើរក្នុងស្រុកជាង ៥០ត្រូវបានលុបចោល។
សូមបញ្ជាក់ថា យន្តហោះប្រភេទ Airbus A330 ដែលធ្វើដំណើរមកពីទីក្រុង Incheon របស់កូរ៉េខាងត្បូង បានព្យាយាមចុះចត ២ដងរួចមកហើយ មុនពេលវាចុះចតហួសផ្លូវខ្លាំងពេកលើកទី ៣។
អ្នកដំណើរទាំងអស់ត្រូវបានគេនាំទៅកាន់សណ្ឋាគារ ៣ និងមានការរៀបចំជើងយន្តហោះជំនួស។
Korea Airlines និយាយក្នុងសេចក្តីប្រកាសថា ខ្លួនកំពុងកំណត់រកមូលហេតុនៃឧប្បតិ្តហេតុនោះ៕ (យោងតាមប្រភព៖ Aljazeera)