ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញបើកសម្ពោធដាក់ឲ្យដំណើរការសមាគមទំនាក់ទំនង និងគាំទ្រប្រជាជន ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
រាជធានីភ្នំពេញ ៖ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវសមាគមទំនាក់ទំនង និងគាំទ្រប្រជាជន ដោយមានការអញ្ជើញចូលរួមតំណាងសមាគមនានា និងភ្ញៀវកិត្តិយសទាំងអស់។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងចូលរួមអបអរសាទរ និងជូនពរចំពោះ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ម្តងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន នៅក្នុងសមាជជាតិរបស់គណបក្សលើកទី២០កាលពីពេលថ្មីៗនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តដោយកោតសរសើរ និងអបអរសាទរចំពោះស្ថាបនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកដែលបានរួមសហការគ្នាបង្កើតបាននូវសមាគមនិងបានដាក់សម្ពោធដំណើរការនាព្រឹកនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណ ដល់ ឯកឧត្តម វ៉ាង វិនតៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណ:រដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការជារៀងរហូតមក ព្រមទាំងភាគីមិត្តដែកថែបចិនតែងតែផ្តល់នូវការសហការគាំទ្រជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកបដោយស្មារតីមិត្តភាព ភាតរភាព និងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចំពោះប្រទេសកម្ពុជាលើគ្រប់វិស័យ និងនិយាយដោយឡែកក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។
ជាមួយគ្នានេះ ដើម្បីធានាដល់ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងបេសកកម្មរបស់សមាគម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឺមយ៉ាន បានណែនាំនូវការងារចាំបាច់មួយចំនួនមាន៖ត្រូវគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន រក្សាសាមគ្គីភាព ត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពការងារអនុវត្ត និងទិសដៅដែលបានកំណត់ ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានក៏បានអំពាវនាវដល់ស្ថានទូត ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសប្បុរសជននានាបន្តជួយសហការ គាំទ្រដល់ដំណើរការនៃការអនុវត្តសកម្មភាពការងាររបស់សមាគមឲ្យបានកាន់តែរលូន និងប្រសិទ្ធិភាពខ្ពស់។
តាមរបាយការណ៍របស់លោក យៀ ឆាងឈីង ប្រធានបានឱ្យដឹងថាសមាគមបានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយមានគោលបំណងសំខាន់គឺចូលរួមសហការចែករម្លែកនូវ វប្បធម៌ ទំនៀមទម្លាប់ប្រជាជនខ្មែរ និងបរទេស ផ្សព្វផ្សាយនិងលើកម្ពស់ការអនុវត្តច្បាប់ រួមនឹងការសហការកៀរគរ វិនិយោគបរទេស ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។