ពិតជាមិនធម្មតាមែនលោក សោម សមសក្តិ ជានាយកទីចាត់ហិរញ្ញវត្ថុសាលាខេត្តសៀមរាបជាប់ខ្នោះមិនទាន់បានមួយដង្ហើមចង្រិតផង ក៍ដោះលែងវិញធ្វើអោយមានការរិះគន់យ៉ាងខ្លាំងពីមហាជន ចេញផ្សាយថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
កំពង់ចាម ៖ មហាជនស្ទើពាក់កណ្តាលប្រទេស បានធ្វើការរិះគន់យ៉ាងខ្លាំង ក្នុងរឿងព្រហ្មទណ្ឌមួយនេះដែលតុលាការដោះលែងជនជាប់ចោទ ទាំងដែលជនរងគ្រោះមិនបានដកពាក្យបណ្តឹង។
ការរិះគន់រហូតលើកជាចម្ងល់នេះ គឺបន្ទាប់ពីជន ជាប់ចោទចំនួន៣ករណីបទល្មើសត្រូវសមត្ថកិច្ចអនុវត្តដីកាចាប់វាយខ្នោះយកទៅឃុំខ្លួនមួយយប់ ហើយត្រូវតុលាការខេត្តកំពង់ចាមដោះលែងវិញយ៉ាងតក់ក្រហល់ ស្ទើតែមិនទាន់បានមួយដង្ហើមចង្រិតផង។
ជុំវិញការសម្រេចដោះលែងជនជាប់ចោទឈ្មោះ សោម សមសក្តិ អោយនៅក្រៅឃុំរបស់តុលាការខេត្តកំពង់ចាមយ៉ាងតក់ក្រហល់នេះ (អង្គភាពសារព័ត៌មានពន្លឺខ្មែរអមត:)មិនអាចស្វែងរកជួបអ្នកនាំពាក្យរបស់សាលាដំបូងខេត្តកំពង់ចាមដើម្បីសុំការពន្យល់បាននោះទេនាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២២នេះ។
ប៉ុន្តែលោក ទី បរិញ៉ា អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា មិនមែនដោះលែងទេ គឺដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ(នៅក្រៅឃុំ)។ លោកបន្តទៀតថា ការសម្រេចដាក់អោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។លោកបញ្ជាក់បន្ថែមថា ការដាក់អោយស្ថិតក្រោមការត្រួត ពិនិត្យតាមផ្លូវតុលាការ គឺមិនមានការដាក់តំកល់ប្រាក់នោះទេ។
លោកស្រី ផាត់ សុជឿន ជាដើមបណ្តឹង ហើយជាជនរងគ្រោះក្នុងអំពើជេរប្រមាថជាសាធារណ: អំពើហឹង្សាដោយចេតនា និងអំពើប៉ុនប៉ងមនុស្សឃាត បានអោយដឹងថា ចំពោះរឿងនេះលោកស្រីមិនបានដកពាក្យបណ្តឹងនោះទេ។ ចំពោះការដោះលែងជន ជាប់ចោទអោយនៅក្រៅឃុំរបស់តុលាការខេត្តកំពង់ចាមនេះ លោកស្រីក៍មិនបានដឹងដែរ តែសង្ឃឹមថា តុលាការនឹងផ្តល់ភាពយុត្តិធម៍ដល់លោកស្រី។
មហាជនបានលើកជាសំណួរថា ជននេះបានប្រព្រឹត្តរហូតដល់ទី៣ករណីបទល្មើស ហើយសមត្ថកិច្ចអនុវត្តតាមដីកា ចុះហេតុអ្វីតុលាការសម្រេចដោះលែងអោយនៅក្រៅឃុំយ៉ាងលឿនតក់ក្រហល់បែបនេះ ឬមួយថាមានអាថកំបាំងអ្វី.?។ បើប្រៀបធៀបនឹងបុគ្គលផ្សេង ឬជារាស្ត្រផ្សេងៗទៀត តើតុលាការដោះលែងដូចគ្នាដែរឬទេ?។
ជាមួយនឹងហេតុការណ៍ដ៌អាក្រក់នេះ ជនរងគ្រោះរួមទាំងមហាជនស្ទើពាក់កណ្តាលប្រទេស បានទទូចសុំអោយតុលាការអនុវត្តច្បាប់អោយមានប្រសិទ្ធិភាព ដើម្បីជាគំរូល្អ និងទទួលការគោរពពីរាស្ត្រគ្រប់រូបផង។
.សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ សោម សមសក្ត័នាយកទីចាត់ការហិរញវត្ថុសាលាខេត្តសៀមរាប ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងភ្នំពេញ ចាប់ខ្លួននៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២២ នៅទី ក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់គេចខ្លួនចេញពីខេត្តសៀមរាបទៅសម្ងំនៅទីនោះ។
ជននេះជាប់ចោទពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តនៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២ តែនៅរសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២ ក៍ត្រូវចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ចាមដោះលែងអោយនៅក្រៅឃុំយ៉ាងតក់ក្រហល់៕