មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកអង្គសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, សយ ទិត្យាវង្ស សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាងឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលអភិបាលរងក្រុងស្រុក និងអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនរូប។
ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសន្ទុះរីកចម្រើនគួរឱ្យកត់សំគាល់ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបើកទូលាយនូវសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ ស្របតាមសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃកម្ពុជា។ ឯកឧត្ដមបន្តថា ស្របពេលដែលបរិបទពិភពលោកទាំងមូល មានការវិវត្តន៍យ៉ាងខ្លាំង ផ្នែកបច្ចេកវិទ្យាព័ត៌មានគ្រប់ប្រភេទរួមមាន Offline , Online និងបណ្តាញសង្គមជាច្រើន បានធ្វើការផ្សព្វផ្សាយយ៉ាងសម្បូរបែបទាំងព័ត៌មានវិជ្ជមាន និងអវិជ្ជមាន បានជះឥទ្ធិពលដល់សង្គមជាតិ និងពិភពលោក បានធ្វើឲ្យវិស័យព័ត៌មាន មានសារៈសំខាន់ណាស់ ក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរដែនដី ដូច្នេះដើម្បីអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ថ្ងៃនេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលា ស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងគោលបំណងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែប្រសើរឡើង ។
ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានសម្ដែងនូវការគាំទ្រទាំងស្រុងចំពោះសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន ដែឬលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលពិរពណ៍កោះពេជ្រ ដែលសម្តេចបានជំរុញដល់ក្រសួងស្ថាប័ន និងអង្គភាពមានសមត្ថកិច្ចបង្កើនការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន។ លោកក៏បានសំណូមពរដល់អ្នកសារព័ត៌មានអាជីព និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ យកចិត្តទុកដាក់ក្នុងការផលិតព័ត៌មានផ្សព្វផ្សាយ ក៏ដូចជាការបញ្ជេញមតិត្រូវគោរពទៅតាមដែនកំណត់សិទ្ធិ ដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា ដែលមានចែងពីសិទ្ធិក្នុងការបញ្ចេញមតិ ។ល។ ស្របតាមប្រសាសន៍សម្តេចតេជោ «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត» ត្រូវគោរពសិទ្ធិអ្នកដ៏ទៃ មិនមែនចេះតែផ្សាយតាមចិត្តនឹកឃើញនោះទេ។
មានប្រសាសន៍ក្នុងពិធីបើកអង្គសិក្ខាសាលានេះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រៀបប្រដូចវិស័យព័ត៌មានទៅនឹងខ្យល់ដកដង្ហើម ខណៈដែលម្នាក់ៗមិនដែលបានគិតថាខ្យល់ដកដង្ហើមសំខាន់នោះទេ ទាល់តែថប់ដង្ហើម ឬលង់ទឹកទើបដឹងថាខ្យល់មានសារសំខាន់ប៉ុណ្ណា ពិសេសឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកក្រមសីលធម៌នៃវិជ្ជាជីវៈមាន ថាពិតជាមានសារសំខាន់ណាស់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ។