គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតប្រកាសឲ្យដឹងថា ចេញផ្សាយថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកំពត ÷ ក្រុមការងារបច្ចេកទេសវារីអគ្គិសនីកំចាយនឹងបើកទ្វារទឹកចំនួន១កម្រិតកម្ពស់២ម៉ែត្រ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ដើម្បីរំដោះទឹកចេញពីទំនប់។

ការបើកទ្វារទឹកនឹងធ្វើឲ្យស្ថានភាពទឹកព្រែកកើនកម្ពស់ លើសពីថ្ងៃធម្មតា។ អាស្រ័យដូចនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់៕

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម សូមសាធារណៈជនមេត្តាជ្រាបថា: ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣  ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។

ឯនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ ។

ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា ។ នៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ ។

ហេតុដូចនេះ សូមបងប្អូនដែលរស់នៅតាមបណ្ដោយឆ្នេរសមុទ្រ ប្រជានេសាទ និងភ្ញៀវទេសចរណ៍ទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់។