រដ្ឋបាលខេត្តក្រចេះ ត្រៀមរៀបចំសម្រាប់ទទួលដំណើរកំសាន្ត របស់ប្រជាពលរដ្ឋយុវជន និងសិស្សនិស្សិត ដែលមកទស្សនកិច្ច និងសិក្សាស្វែងយល់នៅតាមតំបន់ព្រំដែន ចេញផ្សាយថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក រ៉េន ម៉េងគា

ខេត្តក្រចេះ÷ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមបែងចែកក្រុមការងារ សម្រាប់ទទួលដំណើរកំសាន្ត របស់ប្រជាពលរដ្ឋយុវជន និងសិស្សនិស្សិត ដែលមកទស្សនកិច្ច និងសិក្សាស្វែងយល់នៅតាមតំបន់ព្រំដែន ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ  ។

ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា ៖ រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំត្រៀម ក្នុងការបែងចែកក្រុមការ ងារដឹកនាំសម្របសម្រួលដល់ដំណើរទស្សនកិច្ច ឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំ របស់រដ្ឋាភិ បាលកម្ពុជា បានប្រកាសដាក់ចេញគោលការណ៍រៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋ និងយុវជនទៅកាន់ខេត្តក្រចេះ-ស្ទឹងត្រែង-មណ្ឌលគិរី និងរតនគិរី ដោយឥតថ្លៃរៀងរាល់ចុងសប្ដាហ៍ចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីពួកគាត់បានទស្សនាពីទិដ្ឋភាពនៃការអភិវឌ្ឍ ក៏ដូចជាការរស់នៅរបស់ប្រជាជនជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ពីការរៀបចំដំណើរកម្សាន្តនេះ គឺមានបំណងលុបបំបាត់មន្ទិល សង្ស័យ របស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាល ពាក់ ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលពួកគេបានសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ទឹកដីទៅប្រទេសវៀតណាម ប៉ុន្តែរដ្ឋាភិបាលបានអះអាងថា កិច្ចសហប្រតិបត្តិការនេះជាឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពក្នុងខេត្តជាប់ព្រំដែនប្រទេសទាំងបី ។

ក្នុងនោះឯកឧត្តម ក៍បានបញ្ជាកដែរថា ៖ ការបរិច្ចាកថវិការសម្រាប់ចូលរួមជាមួយមូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន តបតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារនិងអភិវឌ្ឍជាតិក្នុងស្មារតីមហាសាម គ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាពអធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ។