(គេហទំព័រពន្លឺខ្មែរអមតៈ)វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១៤៖ “ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ នៅកម្ពុជា (ជំហានទី ១)” The Establishment of Center of Excellence on Sustainable Agricultural Intensification and Nutrition (CE SAIN) in Cambodia (Phase 1)

ចេញផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១

ការិយាល័យកណ្តាល 017778289/0882476167

មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន (CE SAIN) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានទទួលការគាំទ្រហិរញ្ញវត្ថុពី  ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ប្រពលវប្បកម្មនិរន្តរភាព នៃសាកលវិទ្យាល័យ រដ្ឋកាន់សាស សហរដ្ឋអាមេរិក ចំនួន៣លានដុល្លាអាមេរិក សម្រាប់អនុវត្តសកម្មភាពរយៈពេល ៥ ឆ្នាំ (២០១៦-២០២១)។ ស៊ីសេនត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ស៊ីសេនមានទិសដៅជំរុញនវានុវត្តន៍វិស័យឯកជន ការអប់រំនិងស្រាវជ្រាវកសិកម្ម និងការពង្រឹងសមត្ថភាពវិស័យសាធារណៈតាមរយៈកិច្ចសហប្រតិបត្តិការ  និងការចែករំលែកចំណេះដឹង ដើម្បីធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន មានគោលបំណង ៣ សំខាន់ៗ ដូចខាងក្រោម៖

១-សម្របសម្រួល និង បង្កើនប្រសិទ្ធិភាពសកម្មភាពនៃកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ផ្សេងៗ នៃទីភ្នាក់ងារសហរដ្ឋអាមេរិក USAID ដែលផ្តោតលើប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ។

២-កសាង និងពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ 

៣-បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្ម ដើម្បីបង្ហាញបច្ចេកទេស និង យុទ្ធសាស្រ្តដែលមានសក្តានុពល ដើម្បីធ្វើ     ប្រពលវប្បកម្មប្រព័ន្ធកសិកម្ម របស់កសិករខ្នាតតូចប្រកបដោយនិរន្តរភាព។

សាកលវិទ្យាល័យភូមិន្ទកសិកម្មតាមរយៈមជ្ឈមណ្ឌលឧត្តមភាពស៊ីសេនបាន និងកំពុងអនុត្តសកម្មភាពនៅតំបន់គោលដៅ ហើយទទួលបានលទ្ធផលតាមគោលបំណងនិមួយៗ មានដូចខាងក្រោម៖

គោលបំណងទី១៖ ស៊ីសេនបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីម្ចាស់ជំនួយ និងភាគីអនុវត្តគម្រោងផ្សេងៗដែលគាំទ្រហិរញ្ញវត្ថុដោយ USAID នៅកម្ពុជាដើម្បីផ្សារភ្ជាប់នូវសកម្មភាព ដែលផ្តោតលើប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ ហើយសកម្មភាពសំខាន់ៗរួមមាន៖

ស្ថាប័នដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកចំនួនជាង ២០ បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីចូលរួមសហការក្នុងការអនុវត្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយមានសាស្រ្តាចារ្យ មន្រ្តី និងនិស្សិត បានចូលរួមសកម្មភាពដើម្បីពង្រឹងសមត្ថភាព។

ដៃគូអនុវត្តគម្រោង និងអ្នកស្រាវជ្រាវមកពីស្ថាប័នជាតិ និងអន្តរជាតិបាននាំយកបច្ចេកទេសកសិកម្មប្រពលវប្បកម្មនិរន្តរភាពដែលសមស្របមកធ្វើការស្រាវជ្រាវ និងដាក់បង្ហាញនៅឧទ្យានបច្ចេកវិទ្យាកសិកម្ម។

 ពង្រឹង និងពង្រីកកិច្ចសហការជាមួយដៃគូបន្ថែម និងស្នើសុំជាជំនួយបច្ចេកទេស លើការបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

 រៀបចំទស្សនកិច្ច និង កិច្ចពិភាក្សាផ្សេងៗ ដើម្បីស្វែងយល់ពីលទ្ធភាពផ្តល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុបន្ថែមដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសាកលវិទ្យាល័យតាមផែនការយុទ្ធសាស្រ្ត។

គោលបំណងទី២-ស៊ីសេនបានចូលរួមកសាង និងពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្សនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈសកម្មភាពសំខាន់ៗរួមមាន៖

 សហការសរសេរគម្រោងសំណើស្រាវជ្រាវថ្មីៗជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីនាំយកសកម្មភាពស្រាវជ្រាវមកអនុវត្តនៅប្រទេសកម្ពុជា ដែលជាលទ្ធផលគម្រោងចំនួន ២០ បាន និងកំពុងអនុវត្ត ក្រោមកិច្ចសម្របសម្រួលនេះ។ 

 រៀបចំជាវគ្គបណ្តុះបណ្តាលខ្លីៗ និងបឋកថាខ្លីៗ ជាសាធារណៈ ដែលមានវាគ្មិនជាសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ លើវិស័យកសិកម្ម ជូនដល់មន្រ្តី និស្សិត និងភាគីពាក់ព័ន្ធ។

 ផ្តល់ជាអាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ៨ រូប និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៩ រូប ដល់មន្រ្តី និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយផ្សារភ្ជាប់ទំនាក់ទំនងជាមួយសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវពីស្ថាប័នអន្តរជាតិ ដើម្បីជួយគាំទ្រដល់ការស្រាវជ្រាវ និងសរសេរនិក្ខេបបទបញ្ចប់ការសិក្សា។

គាំទ្រហិរញ្ញវត្ថុដល់គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍មន្ទីរពិសោធន៍ ដល់មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីបង្កើនសមត្ថភាពស្រាវជ្រាវ និងជំរុញការបោះពុម្ពលទ្ធផលស្រាវជ្រាវ ក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត ផ្សេងៗ ហើយជួយផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីពិភាក្សាពីលទ្ធភាពនាំយកបច្ចេកទេសដែល  ផលិតចេញពីការស្រាវជ្រាវទៅកាន់ទីផ្សារ។

 គាំទ្រហិរញ្ញវត្ថុដល់ការស្រាវជ្រាវសារណា និងនិក្ខេបបទរបស់ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រដើម្បីបង្កើនគុណភាពស្រាវជ្រាវ និងប្រើប្រាស់លទ្ធផលស្រាវជ្រាវ ជាប្រយោជន៍ផ្សេងៗ ក្នុងវិស័យកសិកម្ម។

 គាំទ្រដល់ការរៀបចំសន្និសីទវិទ្យាសាស្រ្តជាតិ និងអន្តរជាតិ ដើម្បីប្រើប្រាស់ជាវេទិកាដល់អ្នកស្រាវជ្រាវ និងនិស្សិតបានចែករំលែក និងស្វែងយល់ពីរបកគំហើញកសិកម្មផ្សេងៗដែលបានស្រាវជ្រាវក្នុង និងក្រៅប្រទេស។