ស្ពាន​ជ្រោយចង្វារ​ទី​១ ត្រូវបាន​ប្រកាស​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ​ហើយ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ហ៉ី​ដេ​ហ៉ី​សា ហូ​រីណូ​ឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​កាត់​ខ្សែបូ​រួម​គ្នា​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) បន្ទាប់ពី​បាន​ជួសជុល​កែលំអរ​រួចរាល់​។​

​ស្ពាន​ជ្រោយចង្វារ​ទី​១ គឺជា​ស្ពាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការតភ្ជាប់​រាជធានី​ភ្នំពេញ​ឆ្លងកាត់​លើ​ទន្លេសាប ដែល​ត្រូវបាន​សាងសង់ និង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៦៣ តាមរយៈ​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ ស្ពាន​នេះ​មាន​ប្រវែង ៩៧១​ម៉ែត្រ ទទឹង ១៣​ម៉ែត្រ​។​

​ស្ពាន​ជ្រោយចង្វារ​ទី​១ ដែល​បម្រើ​ជា​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​ទន្លេសាប ត្រូវបាន​កាត់ផ្តាច់​ក្នុងអំឡុង​ឆ្នាំ​១៩៧២ ពេល​ប្រទេស​កម្ពុជា​ជួប​ភ្លើងសង្គ្រាម​។ អំឡុង​នៃ​ពេល​ដាច់​នោះ​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ជា​ខ្លាំង​ក្នុងការ​ធ្វើ​ដំណើរ​ដោយ​ត្រូវ​ជិះទូក ជិះ​កាណូត​ឆ្លងកាត់​ទន្លេ​ដ៏​ធំ​មួយ​នេះ​។​

​រហូតដល់​ឆ្នាំ​១៩៩២ ក្នុង​ពេល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​ស្វះស្វែង​រក​សុខ​សន្តិភាព រក​ការរួបរួម​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​ពី​គ្រប់ភាគី​ជម្លោះ​នោះ ស្ពាន​ជ្រោយចង្វារ​ទី​១ ក៏​ត្រូវបាន​ជួសជុល និង​ត​ភ្ជាប់​ឡើងវិញ​ដោយ​ប្រទេស​ជប៉ុន ហើយ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​ព្រះមហាវិរៈក្សត្រ ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះបាទ នរោត្ដម សីហនុ​។​

​លុះដល់​ចុង​ឆ្នាំ​២០១៧ ដោយសារ​តែ​ស្ពាន​នេះ​មាន​អាយុកាល​កាន់តែច្រើន ហើយ​ស្របពេល​កំណើនសេដ្ឋកិច្ច និង​លំហូរ​ចរាចរណ៍​កើនឡើង​ជា​លំដាប់​នោះ ស្ពាន​នេះ​តម្រូវឱ្យ​មាន​ការជួសជុល​ឡើងវិញ​ជា​បន្ទាន់​។ តាម​ការគ្រោងទុក​ស្ពាន​នេះ​នឹង​ត្រូវ​បញ្ចប់​ការជួសជុល​នៅ​កំឡុង​ចុងឆ្នាំ​២០១៩​។​

​ដោយសារ​ការប្រឹងប្រែង​របស់​ការងារ​ជួសជុល​ទាំង​ភាគី​ជប៉ុន និង​កម្ពុជា ដោយ​ធ្វើការ​ទាំង​ថ្ងៃ ទាំង​យប់​នោះ ក៏​ធ្វើឱ្យ​ការជួសជុល​មុន​កាលកំណត់ និង​ជ្រើស​យក​ថ្ងៃទី​០៣ ខែ​មេសា ដាក់ឱ្យ​ដំណើរការ​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​ការជួសជុល​ស្ពាន​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ថា ការជួសជុល​ស្ពាន​នេះ គឺ​មាន​គុណភាព​រឹងមាំ​ល្អប្រសើរ​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ ពី​ក្រុម​វិស្វករ​ជួសជុល​របស់​ជប៉ុន និង​កម្ពុជា​។​

​មន្ត្រី​ជំនាញ​របស់​ជប៉ុន បាន​អះអាង​ថា ក្រោយ​ពី​ការជួសជុល​រួចរាល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​នេះ អាច​ប្រើ​បាន​រយៈពេល ៥០​ឆ្នាំ​ទៅ​មុខ​បន្ថែមទៀត​។​

​ដើម្បី​បញ្ជ្រៀប​ការយល់ដឹង​លើ​ការប្រើប្រាស់​ផ្លូវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះ នៅលើ​ស្ពាន​ជ្រោយចង្វារ​ដែល​ទើប​ជួសជុល​រួចរាល់​នេះ ក៏​មាន​គូររូប​ម៉ូតូ​សម្រាប់​ផ្លូវ​ម៉ូតូ និង​គូររូប​មនុស្ស​ដើរ​លើ​គន្លង​ផ្លូវ​ថ្មើរជើង​ផងដែរ​។ ក្រៅពី​នោះ​ក៏​មាន​ការអញ្ជើញ​សិស្សានុសិស្ស​ទៅ​ទស្សនកិច្ច​នៅ​លើ​ស្ពាន និង​អប់រំ​ពួកគេ​ពី​ការប្រើប្រាស់​ផ្លូវ​នៅលើ​ស្ពាន​នោះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ដើម្បី​សម្រួល​ដល់​ការ​ប្រារព្ធ​ពិធី​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​នៅ​ថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​រៀបចំ​បញ្ចៀស​ចរាច​រណ៍​ក្នុង​កំលុង​ពេល​កាត់​ខ្សែបូ​ដាក់ឱ្យ​ដំណើរការ​ស្ពាន​នោះ​ផង​ដែរ​៕​ដោយ ហុក វិបុល​