បញ្ហា​កង្វះ​អាហារូបត្ថម្ភ​និង​ជាតិ​ដែក គឺជា​បញ្ហា​ចំបង​មួយ​នៅក្នុង​ង​ចំណោម​បញ្ហា ចំបង​បី​ផ្សេងទៀត​

(​ខេត្ត​កំពត​)៖ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​និង​ជាតិ​ដែក គឺជា​បញ្ហា​ចំបង​មួយ​នៅក្នុង​ង​ចំណោម​បញ្ហា​ចំបង​បី​ផ្សេងទៀត​រួម​មាន​គឺ​បញ្ហា​កង្វះ​ប្រូ​ទេ​អ៉ី​ន​និង​ថាមពល កង្វះ​ជីវជាតិ​អា និង​កង្វះ​ជាតិ​អ៉ី​យ៉ូដ ជាដើម​។

​ពាក្យពេចន៍​ទាំងនេះ​គឺជា​ការលើក របស់ លោក សុខ សុ​យ៉ុន អនុរដ្ឋលេខាធិការ​ក្រសួង​ផែនការ​នៅក្នុង​ឱកាស​បើក​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​នៃ​ការអនុវត្ត​ខ្លឹមសារ​ប្រកាស​លេខ​០៤៨​កជ​អ​ជ ស្ដី​ពី​ការផលិត ការប្រើប្រាស់​និង​សារៈសំខាន់​នៃ​ប្រើប្រាស់​ទឹកត្រី ទឹកស៉ីអ៉ីវ​មាន​ជាតិ​ដែកនៅ​ខេត្តកំព​ត​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែ​ឧសភា ឆ្នាំ​២០១៩​។​

​លោក សុខ សុ​យ៉ុន បាន​បន្ត​ឲ្យដឹង​ទៀតថា បញ្ហា​កង្វះ​ជាតិ​ដែក​នេះ​ហើយ​ដែល​បណ្ដាលឲ្យ​មាន​ភាពស្លេក​ស្លាំង​និង​ការវិវត្តន៍​ផ្នែក​រាងកាយ និង​ការលូតលាស់​ខាង​ប្រាជ្ញា​ស្មារតី​របស់​កុមារ មាន​ភាពយឺតយ៉ាវ ហើយ​ប្រសិនបើ​ការ​កង្វះ​ជាតិ​ដែក​នេះ​កើតឡើង​ចំពោះ​នារី​កំពុងមាន​ផ្ទៃពោះ​នោះ វា​នឹង​អាច​បណ្ដាលឲ្យមាន​បញ្ហា​ដល់​ទារក​ក្នុង​ផ្ទៃ ឬ ទារក​កើត​មក​មិន​គ្រប់​ទម្ងន់ ហើយ​វា​នឹង​ឈានទៅដល់​ការខ្វះ​លទ្ធភាព​ចូលរួមចំណែក​ក្នុង​ការកសាង​សេដ្ឋកិច្ចសង្គម​ក៏​ដូចជា​ធនធានមនុស្ស​ដែល​ជា​សក្ដានុពល​លើកកម្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​ជាតិ​ទៀត​ផង​ដែរ​។

​លោក សុខ សុ​យ៉ុន បាន​បន្តទៀតថា ដោយ​បាន​យល់​ច្បាស់​អំពី​គ្រោះថ្នាក់​ខាងលើ​នេះ​ហើយ រាជរដ្ឋាភិបាល ក៏​បាន​ដាក់ឲ្យ​អនុវត្ត​នូវ​កម្មវិធី​កាត់បន្ថ​យ​ភាព​ស្លេកស្លាំង តាមរយៈ ការបញ្ចូល​ជាតិ​ដែក​ក្នុង​ទឹកត្រី ទឹកស៉ីអ៉ីវ​ចាប់ពី​ឆ្នាំ​២០០៥​មកម្ល៉េះ ហើយ​ភាពស្លេកស្លាំង​ដែល​បណ្ដាល​មក​ពី​ិ​ង្វះ​ជា​តិដែក​នេះ​នៅតែ​ជា​បញ្ហា​ចំបង​ចំពោះ​សុខភាព​សាធារណៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​

​លោក សុខ សុ​យ៉ុន ក៏​បានឲ្យ​ដឹង​ផងដែរ​ថា កម្មវិធី​កាត់បន្ថយ​ភាពស្លេកស្លាំង​នេះ​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ដែល​មាន​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា​បាន​សហការ​ជាមួយ​ក្រសួង​ផែនការ​ដែល​ជា​ហេតុ​ធ្វើឲ្យ​កម្មវិធី​ផលិត​ទឹកត្រី ទឹកស៉ីអ៉ីវ​មាន​ជាតិ​ដែ​កមាន​ការ​រីកចម្រើន​នឹងមាន​ចីរភាព​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​មោទនៈ​ហើយ​ក៏​ត្រូវ​បាន​កំពុង​អនុវត្តន៍​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​និង​អាច​មាន​ទឹកត្រី ទឹកស៉ីអ៉ីវ​មាន​ជាតិ​ដែកល​ក់​ស្ទើរតែ​គ្រប់​ទីផ្សារ សម្រាប់​បំពេញ​តំរូវការ​របស់​ប្រជាពលរដ្ឋ​មកទល់​បច្ចុប្បន្ន​នេះ​ផងដែរ​។​

​សូមជម្រាបថា​៖ សិក្ខាសាលា​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ពី​លោកស្រី យូ សុគន្ធ​អភិបាលរង​ខេត្ត និង​មាន​រយៈពេល​មួយ​ព្រឹក រៀបចំឡើង​ដោយ​នាយកដ្ឋាន​លើកកម្ពស់​អាហារូបត្ថម្ភ​នៃ​ក្រសួង​ផែនការ​និង មាន​អ្នកចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ផលិតករ អាជីវករ​ក្នុង​ខេត្ត ក្នុង​គោលបំណង ពង្រឹង​ឡើង​វិញ​នូវ​គោលដៅ និង​យុទ្ធសាស្ត្រ​នៃ​ការអនុវត្ត​ខ្លឹមសារ​ប្រកាស​លេខ​០៤៨ កជ​អ​ជ ស្ដី​ពី​ការផលិត ការប្រើប្រាស់ ទឹកត្រី ទឹកស៉ីអ៉ីវ មាន​ជាតិ​ដែក ក៏ដូចជា​ការទប់ស្កាត់​ការ​ចរាចរ និង​ការ​នាំចូល​ទឹកត្រី ទឹកស៉ីអ៉ីវ​គ្មាន​ជាតិ​ដែ​កមក​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ព្រមទាំង​រក្សា​ឲ្យបាន​នូវ​សុវត្ថិភាព នៃ​កម្មវិធី​បញ្ចូល​ជាតិ​ដែក ក្នុង​ទឹកត្រី ទឹកស៉ីអ៉ីវ ប្រកបដោយ​គុណភាព​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃមុខ​ផងដែរ​៕ សេង ណា​រិទ្ធ​