(គេហទំព័រ ពន្លឺខ្មែរអមតះ) មានការភ្ញាក់ផ្អើលលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ដោយឪពុកបានប្រើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន
ចេញផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០
ដោយ៖ ពន្លឺខ្មែរអមតះ
ខេត្តស្វាយរៀង ៖ ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញធ្វើអន្តរាគមន៍បន្ទាន់ចុះដល់កន្លែងកើតហេតុនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទីយប់។
លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ដែលពេលនេះ កម្លាំងប៉ុស្តិ៍នគរបាលច្រកម្ទេសកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ។