​កងរាជអាវុធហត្ថ​ខេត្ត បាត់ដំបង ផ្សព្វផ្សាយ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ផ្សព្វផ្សាយ​ញត្តិ​ថ្កោលទោស​របស់លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ចំពោះ​ទណ្ឌិត សម រង្ស៊ី

បាត់ដំបង​៖ ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កងរាជអាវុធហត្ថ​ខេត្ត បាត់ដំបង​បាន​ធ្វើ​ការផ្សព្វផ្សាយ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​គម្រប់ ២០​ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅ និង​ផ្សព្វផ្សាយ​ញត្តិ​ថ្កោលទោស​របស់លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ចំពោះ​ទណ្ឌិត សម រង្ស៊ី និង​ប្តេជ្ញា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ដីកា​តុលាការ​ក្នុង​ការចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី ។

​ពិធី​ផ្សព្វផ្សាយ​នេះ​ក្រោម​អធិបតីភាព លោក វរសេនីយ៍ឯក អ៊ឹម ដា​រ៉ា មេបញ្ជាការរង និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត ដែល​មាន​នាយទាហាន នាយទាហានរង​តាម​បណ្តា​កងឯកភាព​ចំណុះ​បញ្ជាការដ្ឋាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់​អញ្ជើញ​ចូលរួម​ផង​ដែរ​។​

​លោក វរសេនីយ៍ឯក បាន​មានប្រសាសន៍ថា​៖ ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​ទទួលបាន​ការអនុញ្ញាតិ​ពី​លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឱ្យ​លោក​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ន​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន ៖
១-​ត្រូវ​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​ខឿន​ការពារជាតិ ព្រោះ​កងទ័ព​កើតចេញ​ពី​ប្រជាជន និង​ដើម្បី​ប្រជាជន​
២-​ត្រូវ​ចូលរួម​ជាមួយ​កម្លាំង​ផ្សេងៗ​ទៀត ដើម្បី​រក្សា​សន្តិភាព ទប់ស្កាត់​អំពល​អសកម្ម គ្រឿងញៀន ចោរកម្ម ការពារ​សុវត្ថិភាព​ភូមិ​/​ឃុំ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​សេចក្តីសុខ ជាពិសេស​រួម​គ្នា​រក្សា​សន្តិភាព​
៣-​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ទប់ស្កាត់​អំពើ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទប់ស្កាត់​មិនឲ្យ​មាន​ការ​ធ្វើប​ដិ​វត្ត​ពណ៌​តាម​រូបភាព​ណាក៏ដោយ បើ​ឃើញ​ថា​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ គឺ​ត្រូវតែ​បង្ក្រាប​ឲ្យទាន់​ពេលវេលា​
៤-​កងទ័ព​ទាំងអស់​មិន​ថា​នៅក្នុង ឬ​នៅ​ក្រៅប្រទេស គឺ​ត្រូវ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ក្រីក្រ ខ្វះខាត កុំ​ធ្វើឲ្យ​ប្រជាជ​នស្រក់​ទឹកភ្នែក​ដោយសា​រ​ទង្វើ​អាក្រក់​អ្វី​មួយ​ពី​កងទ័ព​យើង​
៥-​កងទ័ព​ត្រូវ​គាំទ្រ​ដល់​ផ្នែក​ច្បាប់ ដូចជា​ចូលរួម​ការពារ​ថែរក្សា​ព្រៃឈើ រក្សា​ធនធានធម្មជាតិ​ផ្សេងៗ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​នានា​
៦-​គាំទ្រ​ការប្រមូល​ចំណូល​ថវិកាជាតិ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ទប់ស្កាត់​អំពើ​ពុករលួយ​ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ប្រទេស​រីកចម្រើន ព្រមទាំង​ចូលរួម​បង់ពន្ធ​បង្កើន​ដល់​ចំណូល​ជាតិ​
៧-​ខិតខំ​បង្កើន​វិន័យ​កងទ័ព​ឲ្យបាន​ខ្ជាប់ខ្ជួន​ជាពិសេស​ពេលដែល​យើង​មាន​សម្ភារៈ​ឧបករណ៍​គ្រប់គ្រាន់​ហើយ តែ​បែរជា​យើង​មិន​ចេះ​ប្រើប្រាស់ ត្រូវអនុវត្ត​តាម​បទបញ្ជា និង​ត្រូវ​បង្កើន​ការហ្វឹកហាត់​ទាំង​តាម​ក្បួនខ្នាត​ទ័ព​ត្រឹមត្រូវ និង​ហាត់ប្រាណ​ដើម្បី​រក្សា​សុខ​ភាព​
៨-​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារៈ​ដែល​យើង​មាន​ដើម្បី​ធានា​ថា​អាវុធ​របស់​យើង​នៅតែ​អាច​ប្រើប្រាស់​បាន​នៅពេល​ដែល​ត្រូវការ​បន្ទាន់ ។ អង្គភាព​ទាំងអស់​ត្រូវតែ​ថែទាំ​សម្ភារៈ​យុទ្ធភ័ណ្ឌ​របស់​ខ្លួន​ឲ្យបាន​ល្អ ដើម្បី​ធានា​ថា​អាវុធ​យើង​ប្រើប្រាស់​បាន​ចំ​គោលដៅ​នៅពេល​ត្រូវការ​
៩-​យកចិត្តទុកដាក់​ដល់​ជីវភាព​កងទ័ព​ដូចជា ជម្រក​ស្នាក់នៅ ចំណី​អារ​ហា​រ សម្ភារៈ​ត្រូវ​ផ្គត់ផ្គង់​សព្វបែបយ៉ាង​សម្រាប់​កងទ័ព ពិសេស​ត្រូវ​បង្កើន​ការសាងសង់​ផ្ទះ​ដល់​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​ព្រំដែន និង​ផ្តល់​សេវា​ថែទាំ​សុខភាព និង​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន​
១០-​កងទ័ព​ត្រូវ​ដើរតួនាទី​ជា​អ្នកការទូត​ដ៏​សំខាន់​ជា​មួយ​ប្រទេសជិតខាង គឺ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​ចាស់ និង​បង្កើន​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ​ថ្មីៗ​ជាមួយ​អង្គភាព​ប្រទេសជិតខាង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​និង​តាមរយៈ​ការផ្លាស់ប្តូរ​ចំណេះដឹង​និង​យុទ្ធវិធី​ផ្សេងៗ​ជាមួយ​កងទ័ព​នៃ​បណ្តា​ប្រទេស​នានា ។​

​ក្នុងនោះ​ដែរ​ក៏​បាន​ផ្សព្វផ្សាយ ញត្តិ​ថ្កោលទោស របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំពោះ​ទណ្ឌិត សម រង្ស៊ី និង​ប្តេជ្ញា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ដីកា​តុលាការ​ក្នុង​ការចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ​ព្រមទាំង​ការពារ​ដាច់ខាត រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ។

​ក្នុងនោះ​ផងដែរ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ការងារ​បច្ចេកទេស​សន្តិ​សុខ និង​ការងារ​ការពារ​ធនធាន​ធម្មជាតិ ដល់​អង្គប្រជុំ​ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​វរសេនីយ៍ទោ ធៀ​ម ភក្តី ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ ។ ជា​កិច្ចបញ្ចប់ លោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បាន​ដាក់​ផែនការឲ្យ​គ្រប់​បណ្តា​មន្ទីរ មូលដ្ឋាន​ក្រុង​/​ស្រុក ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​បន្ត​ដល់​នាយទាហានរង និង​ពលទាហាន ក្រោម​ឱវាទ​ឲ្យបាន​គ្រប់ៗ​គ្នា ។​