សមត្ថកិច្ចនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការបង្ក្រាបស៊ុតមាន់ជាង២៤០០០គ្រាប់ដឹកពីប្រទេសវៀតណាមដោយខុសច្បាប់មកចែកចាយនៅកម្ពុជា ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តតាកែវ ÷ នៅវេលាម៉ោង ២ និង១០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៣នេះ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទ រថយន្តដឹកអ្នកដំណើរ១៥កៅអី ស្លាកលេខភ្នំពេញ ២AE-2156 ពណ៌ស ដឹកស៊ុតសត្វមាន់ ចំនួន២៤០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្ត តាកែវ ចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ការឃាត់ចាប់រថយន្តដឹកស៊ុតមាននេះ នៅចំណុចភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ បន្ទាប់ពីធ្វើការបង្ក្រាប និងឃាត់ចាប់បាន ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕