រយៈពេល៣ថ្ងៃនៃពិធីចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរសម្រុកមកសម្រាក លម្ហែនៅរមណីយដ្ឋានឆ្នេរកែបប្រមាណជាង១០ម៉ឺននាក់
(ខេត្តកែប)៖ ក្នុងរយៈពេល៣ថ្ងៃក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម ក្រុមអ្នកទេសចរបានសម្រុកមកសម្រាក លម្ហែ កម្សាន្តនៅរមណីយដ្ឋានឆ្នេរកែបដូចទឹកបាក់ទំនប់។
យោងតាមតួលេខរបស់រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីចូលឆ្នាំចិន-វៀតណាម រមណីយដ្ឋានខេត្តកែបបានទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង១០មឺុននាក់។នេះគ្រាន់តែជាតួលេខបញ្ជាក់ក្នុងរយៈពេល៣ថ្ងៃតែប៉ុណ្ណោះ។
ចំពោះការធ្វើដំណើរមកកាន់គោលដៅទេសចរណ៍ធម្មជាតិមួយនេះ ភ្ញៀវទេសចរពិតជាសំដែងក្តីរីករាយយ៉ាងខ្លាំង ខណៈដងផ្លូវសំខាន់ៗជាច្រើនរបស់ខេត្តកែបត្រូវបានស្ថាបនា ពង្រីកដ៏ធំទូលាយអមដោយសួននៅចំកណ្តាល ងាយស្រួលធ្វើដំណើរ បញ្ចៀសការកកស្ទះ។លើសពីនេះក្នុងតំបន់ទេសចរណ៍ខេត្តកែប ក៏ត្រូវបានតាក់តែងកែលម្អប្រកបដោយសោភ័ណភាពយ៉ាងស្រស់ត្រកាលគ្មានពីរផងដែរ។
ជាមួយនឹងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ក្រៅពីការដើរកម្សាន្តនៅក្នុងទីប្រជុំជនមាត់ឆ្នេរកែប គេបានសង្កេតឃើញក្រុមអ្នកទេសចរបាននាំគ្នាទៅសម្រាក លម្ហែនៅតាមតំបន់ទេសចរជាច្រើនទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តដូចជាឆ្នេរអង្កោល តំបន់ទេសចរណ៍ភ្នំវល្លិ៍ សួនមេអំបៅ និងនៅតាមបណ្តាកោះមួយចំនួនទៀត ពិសេសឆ្នេរកោះទន្សាយជាដើម។
មហាជនភាគច្រើនដែលធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួនតែងផ្តោតការចាប់អារម្មណ៍ពីទេសភាពដ៏ស្រស់បំព្រងគ្មានពីររបស់ខេត្តកែប ដូចជាការគយគន់មើលព្រៃភ្នំដែលគ្របដណ្តប់ទៅដោយដើមឈើគ្រប់ប្រភេទ ប្រកបដោយសម្រស់យ៉ាងទាក់ទាញ។ការមកលម្ហែ កម្សាន្តនាឱកាសនេះ ភ្ញៀវទេសចរតែងតែប្រដូចតំបន់ទេសចរណ៍ដ៏តូចច្រឡឹងមួយនេះប្រៀបបាននឹងឋានតុសិត ដែលតំបន់ទេសចរណ៍ផ្សេងទៀតស្ទើតែប្រៀបមិនបាន។
ជាការពិតណាស់ ការមកសម្រាក លម្ហែ កម្សាន្តនៅក្នុងរមណីយដ្ឋានខេត្តកែប យើងពិតជាបានស្រូបយកនូវខ្យល់អាកាសយ៉ាងត្រជាក់បរិសុទ្ធ ថែមទាំងបានភ្លក្សនូវរសជាតិអាហារគ្រឿងសមុទ្រស្រស់ៗគ្រប់ប្រភេទ ប្រកបដោយមានឱជារសយ៉ាងឆ្ងាញ់ពិសារ។
ទន្ទឹមនឹងកំណើនភ្ញៀវទេសចរក្នុងពិធីបុណ្យជាតិសំខាន់ៗ មហាជនក៏បានកោតសរសើរដល់អាជ្ញាធរក្នុងតំបន់ដែលបាននិងកំពុងពុះពារ ធ្វើការកែលម្អ កែប្រែសោភ័ណភាពឲ្យកាន់តែស្រស់បំព្រង ដើម្បីឲ្យសក្តិសមជាខេត្តទេសចរណ៍ដែលកំពុងជាប់ឈ្មោះជាឆ្នេរស្រស់ស្អាតជាងគេលើពិភពលោក គឺ”ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”គ្រប់រដូវកាល៕