សិក្ខាសាលា ស្តីពីការរៀបចំគម្រោងសេវាសង្គម របស់រដ្ឋបាលរាជធានី ខេត្ត ប្រចាំឆ្នាំ២០២៤ ចេញផ្សាយថ្ងៃអង្គារ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងសាលប្រជុំរបស់សណ្ឋាគារ អ៊ីម ព្រិស វេលាម៉ោង៨ និង៣០នាទី​ លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកម្មពិធីសិក្ខាសាលាស្តីពីការរៀបចំគម្រោងសេវាសង្គម របស់រដ្ឋបាលរាជធានី ខេត្ត ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាគណៈអធិបតី លោក/លោកស្រីក្រុមការងារនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងសុខាភិបាល លោកជំទាវប្រធាន គ.ក.ស.ក. ឯកឧត្តម លោកជំទាវអភិបាលរងទទួលបន្ទុកការងារសេវាសង្គម លោក លោកស្រីនាយក នាយករងទីចាត់ការផែនការ និងវិនិយោគ នាយក នាយករងទីចាត់ការហិរញ្ញវត្ថុ អញ្ជើញមកពីរាជធានី ខេត្តទាំង២៥ និងតំណាងអង្គការយូនីសេហ្វ។

ថ្លែងក្នុងឱ្យកាសនេះដែលលោក សុខ ថុល អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាព និងបញ្ហាប្រឈមនានាដែលកើតមានក្នុងរយៈពេលនៃការអនុវត្តគម្រោង សកម្មភាព របស់គម្រោងលើកកម្ពស់វិស័យសេវាសង្គមដែលបានអនុវត្តបញ្ចប់ក្នុងឆ្នាំ២០២២ និងគម្រោង សកម្មភាពដែលបាន និងកំពុងអនុវត្តក្នុងឆ្នាំ២០២៣ ព្រមទាំងការលើកជាផែនការគម្រោង សកម្មភាពអាទិភាពសម្រាប់អនុវត្តកក្នុងឆ្នាំ២០២៤ខាងមុខ ហើយក៍យើងរួមគ្នាពិភាក្សា និងរកដំណោះស្រាយល្អៗ ដើម្បីឈានទៅរកការរៀបចំផែនការសកម្មភាពការងារឆ្នាំបន្ទាប់ឱ្យកាន់តែមានភាពល្អប្រសើរ។ កន្លងមកនេះ រដ្ឋបាលខេត្តសៀមរាបក៍បានខិតខំសម្របសម្រួល ជំរុញការអនុវត្តការលើកកម្ពស់វិស័យសេវាសង្គមទាំងនេះផងដែរ ដើម្បីអោយរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ជ្រើសរើសគម្រោង សកម្មភាពចាំបាច់នានាដែលស្ថិតក្នុងការងារសេវាសង្គមអាទិភាពសម្រាប់ប្រើប្រាស់ថវិការបស់រដ្ឋបាលក្រុង ស្រុក និងថវិការបស់រដ្ឋបាលឃុំសង្កាត់ប្រចាំឆ្នាំរបស់ខ្លួនដើម្បីឱ្យបានស្របទៅតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៥២ និងអនុក្រឹត្យលេខ១៥៣ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការផ្ទេធនធានពីថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់ និងថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់ ។

ជាការពិតណាស់ការអនុវត្តគម្រោង សកម្មភាព ជាពិសេសសកម្មភាពអាទិភាពផ្នែកសេវាសង្គមនានា ដែលទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសប្បុរសជននានាកន្លងមក ជាពិសេសក្នុងនាមរដ្ឋបាលខេត្តសៀមរាបក៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូនីសេហ្វ ដែលជាដៃគូយ៉ាងសំខាន់ក្នុងការគាំទ្រទាំងថវិកា និងបច្ចេកទេសនាពេលកន្លងមក និងរហូតដល់បច្ចុប្បន្ននេះផងដែរ ។ ក្នុងការអនុវត្តគម្រោង សកម្មភាពកន្លងមក បន្ទាប់ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ បានគ្រោងថវិកាសេវាសង្គមសម្រាប់គាំទ្រដល់ក្រុមគោលដៅងាយរងគ្រោះ ដើម្បីជួយគាំទ្រ និងឧបត្ថម្ភជាបន្តបន្ទាប់មកឃើញថា កំរិតនៃជីវភាព និងការដោះស្រាយទុក្ខកង្វល់ផ្សេងៗរបស់ក្រុមគាត់បានល្អប្រសើរ និងទាន់ពេលវេលាប្រកបដោយសក្តិសិទ្ធភាព ពិសេសជនងាយរងគ្រោះ និងជនមានពិការភាព។ ម៉្យាងទៀតកុមារដែលរស់នៅតាមជនបទពីមុនមិនបានចូលរៀននៅសាលាមតេយ្យសហគមន៍ដោយសារការខ្វះសាលា ឬសាលានៅឆ្ងាយពីផ្ទះ និងខ្វះគ្រូនៅតាមមូលដ្ឋាន ប៉ុន្តែបន្ទាប់ពីមានការយកចិត្តទុកដាក់ផ្នែកសេវាសង្គមបានគ្រោង និងរៀបចំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទើបកុមារនៅតាមជនបទបានចូលរៀនសាលាមតេយ្យមានចំនួនកើនឡើងជាលំដាប់៕