បុគ្គលដ៏មានឥទ្ធិពល និងមានលុយម្នាក់សាងសង់របងថ្មរឹងមាំរំលោភយកដីចំណីឆ្នេរសមុទ្រអង្កោល អាជ្ញាធរស្រុកដំណាក់ចង្អើរ និងមន្ទីរជំនាញសូរិយោដីមិនបង្ក្រាបបែជារុញដាក់គ្នា….! ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកែប ៖ សំណង់របងថ្មដ៏រឹងមាំគ្មានច្បាប់អនុញ្ញាតមួយកន្លែង កំពុងសាងសង់រំលោភចូលក្នុងដីចំណីមាត់ឆ្នេរសមុទ្រអង្កោលយ៉ាងរំភើយគ្មានមន្ត្រីអាជ្ញាធរឃុំ ស្រុក និងមន្ត្រីជំនាញសូរិយោដី ឬមន្ត្រីថ្នាក់ខេត្តណាម្នាក់យកភ្នែកមើលធ្វើការទប់ស្កាត់ ដើម្បីរក្សាតំបន់ឆ្នេររបស់រដ្ឋនោះឡើយ បែជាបណ្តោយឲ្យបុគ្គលដ៏មានឥទ្ធិពល និងទឹកលុយបំពានរំលោភយកធ្វើជាកម្មសិទ្ធតាមតែអំពើចិត្ត សង្ស័យអស់លោកទាំងនោះទទួលបានលាភធំពីម្ចាស់ទីតាំងហើយទើបនាំគ្នាសំងំស្ងៀមស្ងាត់មិនហ៊ានបង្រាប។

សកម្មភាពសាងសង់សំណង់រឹងមាំធ្វើជារបង ដើម្បីរំលោភយកដីចំណីឆ្នេរសមុទ្រក្នុងតំបន់អង្គោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោលស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានមេការម្នាក់ឈ្មោះ លីម ហ៊័ត អ្នកមើលការខុសត្រូវ និងចាត់ចែងរត់ការឃុបឃិតជាមូយអាជ្ញាធរថ្នាក់ឃុំ និងស្រុក ជាប្រព័ន្ធដើម្បីបិទបាំង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ការសាងសង់របងថ្ម រំលោភចូលដីចំណីឆ្នេរសមុទ្រយ៉ាងអនាធិបតេយ្យ នៅតំបន់ឆ្នេរសមុទ្រអង្កោលនោះក្លាយទៅជាប្រពៃណីទៅហើយសម្រាប់អ្នកមានឥទ្ធិពល មានទឹកលុយឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ទើបងនុញ្ញាតិបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងសាងសង់បានដោយរលួនបែបនេះ។

ប្រភពដដែលបានបន្តទៀតថា នៅតំបន់ឆ្នេរសមុទ្រ ឬមាត់សមុទ្រ នៅតំបន់ភូមិបង្កោលភាគច្រើនសុទ្ធតែអ្នកមានលុយ មានអំណាច និងមានខ្នងបង្អែកនៅពីក្រោយគ្រាក់ៗណាស់ ទើបធ្វើការសាងសង់រំលោភយកដីចំណីសមុទ្រដោយរលូនយ៉ាងដូច្នេះ ប្រសិនបើប្រជាពលរដ្ឋតូចតាចមិនហ៊ានប៉ះពាល់ទេដោយអាជ្ញាធរ និងមន្ត្រីជំនាញចុះហាមឃាត់ភ្លាមៗ ឬធ្វើលិខិតកោះហៅដើម្បីសួរនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ជាបន្ទាន់។

ប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមថា សម្រាប់អ្នកមានបុណ្យស័ក្តិ មានអំណាច មានលុយអាជ្ញាធរ និងមន្ត្រីជំនាញនាំគ្នាសម្ងំធ្វើជាមិនដឹងមិនឮដូចគោច្រាំងទិចពេលអ្នកកាសែតសួរនាំឆ្លើយដាក់គ្នាទៅវិញទៅមក។

លោក លីម ហ៊័ត មេការមើលការខុសត្រូវការសាងសង់របងថ្មរំលោភចូលដីចំណីឆ្នេរសមុទ្រតំបន់អង្កោល ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បានប្រាប់ថា «ការសាងសង់របងថ្មនោះ គឺដីមានប្លង់ត្រឹមត្រូវ ប៉ុន្តែការធ្វើរបងពិតជាបានរំលោភចូលដីចំណីឆ្នេរសមុទ្របន្តិចបន្តួចមែន ដើម្បីការពារទឹករលកធ្វើឲ្យបាក់ច្រាំងតែប៉ុណ្ណោះ»។ មេការមើលការខុសត្រូវសំណង់រឹងមាំខុសច្បាប់រំលោភដីឆ្នេរសមុទ្រ បានបន្ថែមទៀតថា «ការសាងសង់របងថ្មនេះវាជ្រុលទៅហើយ ប៉ុន្តែបើមានការផ្សព្វផ្សាយយ៉ាងច្រើនអាជ្ញាធរចុះឲ្យវ៉ៃចោល អញ្ចឹងមានតែដោះស្រាយផ្សេងៗកុំឲ្យបែកធ្លាយវាមិនសូវល្អតែបុណ្ណឹង»។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានប្រាប់សារព័ត៌មានយើងថា «បញ្ហារៀបរបងនៅជាប់មាត់សមុទ្រឆ្នេរអង្កោលនេះ លោកបានដឹងហើយ លោកបានបញ្ជាឲ្យឃាត់មិនឲ្យធ្វើសកម្មភាពបន្តទៀតទេ»។ចំពោះការលើកឡើងរបស់លោក ឆាង ឆៃ អភិបាលស្រុកមហាជនបានលើកឡើងថា ហាក់បីដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះសកម្មភាពកម្មករ/ជាងកំពុងតែធ្វើបន្តសម្រុកសាងសង់ ប៉ុន្តែអាជ្ញាធរមិនហ៊ានចុះទៅក្បែរទីតាំងសំណង់នោះឡើយ។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លេខ:២១០ នស/ត អ.គ.ក. ស្តីពី ការការពារ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុងបានឲ្យដឹងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ការពារ និងអភិរក្សបឹង ស្ទឹង ព្រែក អូរ និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាស្នើរឲ្យគ្រប់អភិបាលខេត្តពាក់ព័ន្ធ «ទប់ស្កាត់ ការទន្ទ្រាន កាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅសមុទ ស្របតាមសារាចរណែនាំលេខ ០១ សរណន ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា និងប្លង់សុរិយោដីដែលបានកំណត់ជាធរមាន»។

​​លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធនិងករណីសាងសង់សំណង់របងរឹងមាំរំលោភចូលដីចំណីឆ្នេរអង្កោលនោះ បានបញ្ជាក់ថា «មិនមានច្បាប់អនុញ្ញាតឲ្យសាងសង់ទេ។ ចំពោះវិធានការឮថា លោកអភិបាលស្រុកបានឆាតមកលោកថា បញ្ជាឲ្យរុះរើចេញនៅពេលឃើញមានស្ថានភាពអស់ហ្នឹង លោកទទួលបានព័ត៌មានហើយ »។

លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរសុរិយាដី បានបញ្ជាក់ថា «រឿងរុះរើមិនរុះរើ មិនដឹងទេ ប៉ុន្តែឮថាគាត់ថាឲ្យរុះរើហើយ។ ឯខាងជំនាញខេត្តមិនទាន់បានចុះទៅពិនិត្យមើលទេ ព្រោះចៅហ្វាយស្រុកគាត់មានជំនាញរបស់គាត់ឲ្យចុះទៅមើលរួចរាល់ហើយ»។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីសុំការបញ្ជាក់បន្ថែមលើករណីបុគ្គលដែលមានឥទ្ធិពលធ្វើរបងរំលោភយកដីចំណីឆ្នេរសមុទ្រអង្កោលនេះ ប៉ុន្តែទូរស័ព្ទហៅចូលហើយគ្មានអ្នកទទួលឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ និងមហាជននៅតែនាំគ្នានិយាយរិះគន់អាជ្ញាធរ និងមន្ត្រីជំនាញថា ហាក់បីដូចជាពុំសូរយកចិត្តទុកដាក់បញ្ហានេះឡើយដូចជាមាន់នៅក្នុងជង្រុកស្រូវបើមិនស៊ីស្រូវគឺត្រូវស្លាប់ ៕