(គេហទំព័រ ពន្លឺខ្មែរអមត:)លោក ប៉ែន នួន ចាងហ្វាងការផ្សាយគេហទំព័រស្រទាប់យុវវ័យ ប្ដឹងចៅក្រម និងព្រះរាជអាជ្ញារងខេត្តឧត្ដរមានជ័យ ទៅអង្គភាប្រឆាំងអំពើពុករលួយ (ACU) រឿងកាត់ក្តីអយុត្តិធម៌
ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០
ការិយាល័យផ្តល់ព័ត៌មាន ០១៧៧៧៨២៨៩=០៨៨២៤៧៦១៦៧
ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក ប៉ែន នួន ចាងហ្វាងការផ្សាយគេហទំព័រស្រទាប់យុវវ័យ បានប្ដឹងលោក ស៊ឹម ពិចិត្រ ចៅក្រមសាលាដំបូងខេត្តឧត្ដរមានជ័យ និងលោក គង់ រតនា ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តឧត្ដរមានជ័យ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ( ACU) រឿងកាត់ក្ដីអយុត្តិធម៌។
បើយោងតាមពាក្យបណ្ដឹងទាំងស្រុង របស់លោក ប៉ែន នួនបានសរសេរថា កម្មវត្ថុ ៖ សុំប្ដឹងបុគ្គលចំនួន ០៥រូប មាន ៖
ទី១ ៖ លោក សុឹម ពិចិត្រ មានតួនាទីជាចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តឧត្ដរមានជ័យ។
ទី២ ៖ លោក គង់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្ដរមានជ័យ។
ទី៣ ៖ លោក អ៊ុក គឹមលី ឋានៈ ឧត្ដមសេនីយ៍ ទោ មានតួនាទីជានាយរងទីចាត់ការ ការងារព្រំដែន នៅអគ្គបញ្ជាការកងទ័ពជើងគោក។
ទី៤ ៖ លោក យឹម សេន ឋានៈ វរសេនីយ៍ទោ មានតួនាទីជាអនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃ ប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់។
ទី៥ ៖ លោក គឹម សំណាង មានតួនាទីជាអនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង។
តបតាមកម្មវត្ថុខាងលើ ៖ លោក ស៊ឹម ពិចិត្រ ចៅក្រមជំនុំជម្រះ និងលោក គង់ រតនា ព្រះ រាជអាជ្ញារង កាន់សំនុំរឿងរបស់លោកផ្កាយពីរ អ៊ុក គឹមលី នីងលោកស័ក្ដិបួនកន្លះ ឈ្មោះ យឹម សេន បានប្រើប្រាស់ឯកសារលិខិតកាន់កាប់និងប្រើប្រាស់ដីធ្លីក្លែងបន្លំ ខុសទីតាំងភូមិ ចុះវាស់វែងចេញដោយលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ អោយទៅឈ្មោះ អ៊ុក គឹមលី និងឈ្មោះ យឹម សេន ជាន់លើដីកម្មសិទ្ធិរបស់យើងខ្ញុំ ចំនួន ០៤គ្រួសារ ដែលមានលិខិតកាន់កាប់ប្រើប្រាស់ទទួលស្គាល់ដឹងឮពីអាជ្ញាធរភូមិ ឃុំ។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ចៅក្រមជំនុំជម្រះ ឈ្មោះ ស៊ឹម ពិចិត្រ និងព្រះរាជអាជ្ញារងលោក គង់ រតនា កាត់ក្ដីអោយខ្ញុំបាទ ប៉ែន នួន ចាងហ្វាងការផ្សាយរបស់គេហទំព័រស្រទាប់យុវវ័យ សងជំងឺចិត្ត អោយទៅឈ្មោះ អ៊ុក គឹមលី ចំនួន ៤០លានរៀល (សែសិបលានរៀល) និងសងជំងឺចិត្រ អោយទៅឈ្មោះ យឹម សេន ៤០លានរៀល (សែសិបលានរៀល) និងផាកពិន័យចូលរដ្ឋ ៥លានរៀល (ប្រាំលានរៀល) ដោយចោទប្រកាន់ខ្ញុំបាទ ពីបទបរិហារកេរ្ដិ៍ ដែលខ្ញុំបាទ ប៉ែន នួន បានចុះផ្សាយតាមផេកអង្គភាពសាព័ត៌មានស្រទាប់យុវវ័យ ដែលខ្ញុំបាទ ជាម្ចាស់កម្មសិទ្ធិដីធ្លី រងគ្រោះពិតប្រាកដ មួយរូបក្នុងចំណោមពលរដ្ឋរងគ្រោះ ០៤គ្រួសារ ដែលលោកផ្កាយពីរ អ៊ុក គឹមលី និងលោកស័ក្ដិ បួនកន្លះ ឈ្មោះ យឹម សេន រំលោភយកអស់ ចំនួន ០៦ហិកតា ស្ថិតនៅជាប់ផ្លូវបារាំង ក្នុងភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ នៅក្នុងសវនាការ ពលរដ្ឋម្ចាស់ដីចំនួន ០៣នាក់ បានចូលធ្វើសាក្សី សុំឆ្លើយបំភ្លីជុំវិញរឿងរ៉ាវបណ្ដឹងចោទប្រាន់របស់លោក អ៊ុក គឹមលី តែត្រូវបានលោក ស៊ឹម ពិចិត្រ ចៅក្រមជុំនំជម្រះ បដិសេធ ព្រោះគ្មានឈ្មោះកោះអញ្ជើញអោយចូលរួម។
យោងតាមការចុះផ្សាយតាមផេកអង្គភាពព័ត៌មានស្រទាប់យុវវ័យ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ក្រោមចំណងជើងថា ៖ ពលរដ្ឋទប់កំហឹងមិនបាន ចោទលោកផ្កាយពីរ អ៊ុក គឹមលី ថា ជាផ្កាយចោរ លួច និងប្លន់ ដីរបស់ពួកគាត់ យកទៅកាយស្រះ សង់ផ្ទះ និងដាំដំណាំ ស្ដែងៗនៅនិងមុខ។
យើងខ្ញុំ ជាជនរងគ្រោះពិតប្រាកដ ទាំង ០៤គ្រួសារ សូមអំពាវនាវដល់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាជួយដាក់ការស៊ើបអង្កេតស្រាវជ្រាវ និងមានវិធានការផ្លូវច្បាប់ ចំពោះជនដែលប្រេីសិទ្ធិ ប្រើអំណាច ជិះជាន់ គៀបសង្កាត់ ធ្វើបាបរាស្រ្ដ ទន់ខ្សោយ ដូចរូបពួកខ្ញុំ ដែលជាជនរងគ្រោះពិតប្រាកដ បែជាទទួលបាននូវភាពអយុត្តិធម៌ ពីតុលាការទៅវិញ។
ទោះជាពួកខ្ញុំ រស់នៅក្រោមដំបូលសន្តិភាព របស់សម្ដេច តេជោ ហ៊ុន សែន ដែលលោកបានខិតខំចំណាយពេលវេលាអស់មួយជីវិត និងហ៊ានបូជាជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីរកសន្ដិភាពជូនជាតិមាតិតុភូមិយ៉ាងណាក្តី ដើម្បីអោយប្រជារាស្រ្ដ រស់នៅមានភាពសុខសាន្ដ មានសុភង្គល បែជាពួកយើងខ្ញុំ រស់នៅគ្មានក្ដីសុខទៅវិញ ដោយសារតែមន្រ្ដីខិលខូច ជិះជាន់ធ្វើទុក្ខគ្មានប្រណី ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ចេះច្បាប់អង្គុយលើច្បាប់ មិនគិតជួយការពារសន្តិភាពជូនប្រមុខរាជរដ្ឋាភិបាលនោះទេ ៕
ដោយ ៖ គេហទំព័រស្រទាប់យុវវ័យ