លោក ជាវ តាយ នាំយកសម្ភារៈបរិក្ខាបម្រើការងាររដ្ឋបាលនិងកងទ័ពរបស់សម្ដេចតេជោហ៊ុន សែន ប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពត
ខេត្តកំពត ៖ សម្ភារៈបរិក្ខាសម្រាប់បម្រើដល់ការងាររដ្ឋបាលនិងកងទ័ពដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ផ្ដល់តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតដែលបានចាត់ឲ្យតំណាងនាំយកមករួមមាន៖
កុំព្យូទ័រលើតុចំនួន៥គ្រឿង ម៉ាស៊ីនព្រីនចំនួន៥គ្រឿង ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង និងវិទ្យុទាក់ទងប្រភេទធំនិងតូចចំនួន១៥គ្រឿង ក្នុងនោះដែរ ក៏មានអំណោយរបស់រដ្ឋបាលខេត្តកំពតមាន កុំព្យូទ័រលើតុចំនួន៣គ្រឿងម៉ាសីុនព្រីនចំនួន៣គ្រឿងផងដែរ ត្រូវបានលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញចូលរួមនិង នាំយកនូវអំណោយសម្ភារៈបរិក្ខារទាំងនោះទៅប្រគល់ជូនដល់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពតនៅពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
មានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពតនាឱកាសនោះ លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា៖ ជានិច្ចកាលសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យការពារជាតិពិសេសក្នុងនោះចំពោះសុខទុក្ខលំបាកនិងជីវភាពកងទ័ពក្នុងបុព្វហេតុការពារជាតិមាតុភូមិក៏ដូចជាការ ការពារសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាជនដោយសម្តេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមិនដែលភ្លេចមួយវិនាទីណាឡើយ។ ដូច្នេះលោកអភិបាលខេត្តក្នុងនាមរដ្ឋបាលខេត្ត កងទ័ពនិងប្រជាជនក្នុងខេត្តកំពតទាំងមូល នាឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ដែលកន្លងមកក៏ដូចក្នុងពេលបច្ចុប្បន្ននេះតែងបានយកចិត្តទុកដាក់គិតគូរខ្ពស់ក្នុងកិច្ចការងារជួយបំពេញបន្ថែនរាល់ការខ្វះខាតគ្រប់កាលៈទេសៈចំពោះកងទ័ពក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងប្រជាជនរហូតបាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដែលជាមោទនភាពសម្រាប់ជាតិយើង។
ជាមួយឱកាសនោះដែរ លោក ជាវ តាយ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពទាំងអស់ ក៏បានបួងសួងជូនពរសូមឲ្យទេវតាស័ក្តសិទ្ធទាំងពួងតាមជួយថែរក្សាប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យជួបតែសុខសន្តិភាពនិងការអភិវឌ្ឍន៍កាន់តែរីកចម្រើនថែមទៀតជារៀងរហូតតទៅ៕