ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៤បន្ទប់ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា(Child’s Dream Cambodia ) ជូនដល់សាលាអនុវិទ្យាល័យជប់រំដេង ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្រុកស្វាយលើ ឃុំកន្ទួត មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នងមាន ៤បន្ទប់ ធ្វើ អំពីថ្ម ប្រក់ក្បឿង ជាអំណោយរបស់អង្គការសម្រចសុបិនកុមារកម្ពុជា (Child’s Dream Cambodia )ជូនដល់សាលាអនុវិទ្យាល័យជប់រំដេង ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាព សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស សរុបចំនួន ២៩០នាក់។
មានប្រសាសន៍សំណេះសំណាលនោះលោកពៅ ពិសិដ្ឋ ក៏បានធ្វើការថ្លែងអំណរគុណ តំណាងអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ពិសេសនៅតាមបណ្តាមូលដ្ឋានស្រុកដាច់ស្រយ៉ាលក្នុងខេត្តសៀមរាប ។
លោកអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ពិសេសចំពោះការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការឆ្លើយតបវឌ្ឍនភាពនៃប្រទេសជាតិ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ គឺជាការពង្រីកបន្ថែមនូវថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏សូមឲ្យលោកគ្រូ អ្នកគ្រូ ត្រូវថែរក្សាអគារសិក្សានេះឲ្យបានគង់វង្ស ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋានផងដែរ ។ បច្ចុប្បន្ន យើងកសាងប្រព័ន្ធអប់រំមួយមានលក្ខណៈពេញលេញ ដែលអាចឆ្លើយតបបាននឹងតម្រូវការ នៃទីផ្សារនគរូបនីយកម្ម ដែលជាលទ្ធផលកើតចេញពីការគិតគូរត្រូវ លើគោលនយោបាយបើកទូលាយ ការស្វាគមន៍ចំពោះការវិនិយោគ នៃវិស័យឯកជន ដើម្បីបំពេញបន្ថែមក្នុងការអភិវឌ្ឍវិស័យអប់រំនេះ ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏មានសង្ឃឹមជឿជាក់ថា តំណាងអង្គការសម្រចសុបិនកុមារកម្ពុជានឹងនៅតែបន្តក្នុងការចូលរួមអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំនៅខេត្តសៀមរាបបន្តទៀត ៕