រយៈពេល១សប្ដាហ៍ ក្រសួងមហាផ្ទៃ បំបែកសំណុំរឿងគ្រឿងញៀនធំៗ ចំនួន ៣ ក្នុងចំណោម ១៣៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣១០នាក់ ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ភ្នំពេញ ៖ ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៣៤ករណី។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់។
តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង ៣១០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទាំង ១៣៤ករណីនេះ ភាគច្រើនគឺក្នុងកម្រិតបទល្មើសធន់ល្មម ដោយសមត្ថកិច្ចនៅតែបន្តតាមដាន បំបែកសំបុក បណ្ដាញ និងមេក្លោង តាមជំនាញនិងច្បាប់។
បន្ថែមពីលើនេះ តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ មានករណីបង្ក្រាបទ្រង់ទ្រាយធំ ចំនួន ៣ករណី របាយការណ៍នៅថ្ងៃទី២១ ខែធ្នូ ដែល ២ករណី កើតនៅរាជធានីភ្នំពេញ និង ១ករណីទៀត កើតនៅខេត្តព្រៃវែង។ នៅភ្នំពេញ សមត្ថកិច្ចចាប់គ្រឿងញៀន សរុបបាន ៦២,៨៤គីឡូក្រាម សារធាតុផ្សំ ៣៥៧,៩០គីឡូក្រាម និងឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ និងចិន ៣នាក់។ ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញ បង្ក្រាបទ្រង់ទ្រាយធំ បាន ១ករណី ចាប់គ្រឿងញៀនបាន១,៩៩គីឡូក្រាម សារធាតុគីមីផ្សំ ១២,២៨គីឡូក្រាម ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ និងខ្មែរ ១នាក់។
លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ គឺជាការប្រឹងប្រែង និងអនុវត្តយ៉ាងម៉ឹងម៉ាត់របស់អគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានី ខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ហើយការអនុវត្តនេះ គឺជាទិសដៅអាទិភាពទី១ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញនោះរួមមាន៖ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕