លោកបណ្ឌិត ទូច វណ្ណៈ ៖ ការកៀរគរអង្គភាពសារព័ត៌មាន ចូលជាសមាជិក IPA ដើម្បីរួមគ្នាពង្រឹងការផ្សព្វផ្សាយនៅកម្ពុជា និងផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែទូលំទូលាយ ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តព្រៃវែង ៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានគូសបញ្ជាក់ថា ការកៀរគរអង្គភាពសារព័ត៌មាននានា ចូលជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA គឺដើម្បីរួមគ្នាពង្រឹងការផ្សព្វផ្សាយនៅកម្ពុជា ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អញ្ជើញជាអធិបតីពិធីប្រកាសក្រុមការងារចុះជួយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ដែរថា អង្គភាពសារព័ត៌មាន ដែលជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឱ្យបានទូលំទូលាយ ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាអន្តរជាតិ បានឃើញ បានដឹងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ជាមួយគ្នានោះ អង្គភាពសារព័ត៌មាន ជាសមាជិកទាំងអស់ ក៏ត្រូវផ្សព្វផ្សាយនិងជំរុញគោលនយោបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាពផងដែរ។

លោកបណ្ឌិត ទូច វណ្ណៈ ក៏បានគូសបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២២ ដែលជាឆ្នាំទី១ នៃការកកើតឡើងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ពេលនោះអង្គភាពសារព័ត៌មាន ជាសមាជិក មានត្រឹមតែ ៤២អង្គភាពប៉ុណ្ណោះ ជាលទ្ធផល អង្គភាពសារព័ត៌មានទាំងអស់ បានធ្វើការចុះផ្សាយព័ត៌មានពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសមិទ្ធផលនានារបស់ថ្នាក់ក្រោមជាតិ បានសរុបចំនួន ៥៧ ១៧៩ព័ត៌មាន(ប្រាំម៉ឺន ប្រាំពីរពាន់ មួយរយចិតសិបប្រាំបួន)។ លោកបណ្ឌិត ទូច វណ្ណៈ ក៏បានបន្តទៀតថា ជាមួយគ្នានោះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបើកវគ្គសិក្ខាសាលាតម្រង់ទិសដល់អ្នកសារព័ត៌មាន សិស្ស និស្សិត យុវជន យុវជន និងមន្ត្រីរាជការ លើជំនាញស្តីពី “របៀបសរសេរព័ត៌មាន របៀបអត្ថាធិប្បាយព័ត៌មាន និងរបៀបរាយការណ៍ព័ត៌មាន” បានចំនួន ២វគ្គ ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន ៩៥០នាក់ មកពីបណ្តារាជធានី ខេត្ត។

ថ្លែងក្នុងឱកាសនោះដែរ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានគូសបញ្ជាក់ថា ដោយឡែកសម្រាប់ឆ្នាំ២០២៣ នេះ អង្គភាពសារព័ត៌មាន ដែលបានចូលជាសមាជិករបស់សមាគម បានកើនឡើងដល់ ១១២អង្គភាព ព្រមទាំងមានអង្គការ សមាគម ជាដៃគូសហការ ចំនួន ២៣ស្ថាប័ន និងមានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សា ជាដៃគូសហការ ចំនួន ២៤ស្ថាប័ន។ ក្នុងនោះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគមជាដៃគូ ក៏បានចូលរួមដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ស្តីពីដំណើរការ និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ផងដែរ។

សូមបញ្ជាក់ជូនថា លោកបណ្ឌិត ហួម តាំងហឿត ត្រូវបានតែងតាំងជាប្រធានក្រុមការងារចុះជួយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង និងមានអនុប្រធាន ព្រមទាំងសមាជិក សរុបចំនួន ៥៨នាក់៕