ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា​ បង្ហាញលទ្ធផលលេចធ្លោនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលសម្រេចបានក្នុងដេីមនីតិកាលទី៧ នេះ ចេញផ្សាយថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

ភ្នំពេញ ៖ មិនត្រឹមតែបានបន្តនិរន្តរភាពការងាររបស់ខ្លួនយ៉ាងល្អប្រសេីរ​ពីរាជរដ្ឋាភិបាលនីតិកាលចាស់​ប៉ុណ្ណោះទេ​ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល ៤ខែកន្លងមកនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ ហៅកាត់ថា​ គ.ជ.អ.ប.​ បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗ ទាំងនៅកម្រិតថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ នារសៀលថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធាន​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានរំលេចអំពីលទ្ធផលនៃការរៀបចំកិច្ចការនានាដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមអនុវត្តមុខងារដែលក្រសួងអប់រំ​ យុវជន​ និងកីឡា​ បានផ្ទេរឱ្យនូវសិទ្ធិគ្រប់គ្រងចាត់ចែងការអប់រំកុមារតូច​ ការអប់រំបឋមសិក្សា​ និងការអប់រំក្រៅប្រព័ន្ធ។

ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍បន្តថា​ នៅក្នុងក្របខ័ណ្ឌវិមជ្ឈការវិស័យអប់រំនេះ​ គ.ជ.អ.ប.​ បានសម្របសម្រួលការការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក និងការរៀបចំសេចក្តីណែនាំ បច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញការកត់សម្គាល់ដែរ​ថា​ នៅដេីមនីតិកាលថ្មីនេះ យន្តការច្រកចេញចូលតែមួយ ដែលបានដាក់ឱ្យដំណើរការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានបន្តពង្រឹងការផ្តល់សេវាក្នុងដែនសមត្ថកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ លើសេវាប្រមាណជាង ៨០០ប្រភេទ ឱ្យកាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងប្រសិទ្ធភាព​ ដោយទទួលបានអបអរសាទរនិងពេញចិត្តទាំងពីប្រជាពលរដ្ឋ​ ពីសង្គមសុីវិល​ និងពីបណ្ដាប្រទេសជាដៃគូ។

ឯកឧត្តមអភិសន្តិបណ្ឌិតប្រធាន​ គ.ជ.អ.ប.​ ក៏បានមានប្រសាសន៍អំពីការរៀបចំដោយរលូននូវការងារកែសម្រួលសមាសភាពនៃ គ.ជ.អ.ប. និងគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ ដែលក៏ជាការងារអាទិភាព ដែលសម្រេចបានក្នុងរយៈពេល ៤ខែ នៃរាជរដ្ឋាភិបាលនីតិកាលទី៧​ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ផងដែរ។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានបន្តទៀតថា ការងារដូចបានបញ្ជាក់មកនេះ​ ក៏ទទួលការកត់សម្គាល់​ និងកោតសសេីរពីរដ្ឋសភាផងដែរ។ ឯកឧត្តមបានរម្លឹកជូនអង្គប្រជុំថា​ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣​ សមាជិករដ្ឋសភាជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបានផ្ដល់អនុសាសន៍ឱ្យ គ.ជ.អ.ប. បន្តខិតខំប្រឹងប្រែងជំរុញ និងពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់នេះ អោយបានកាន់តែមុតស្រួច ស៊ីជម្រៅ និងឱ្យមានប្រសិទ្ធបន្ថែមទៀត។

ក្នុងនាមប្រធាន គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ បានស្នេីសុំឯកឧត្តម លោកជំទាវ  អនុប្រធាន និងសមាជិក សមាជិកា គ.ជ.អ.ប. និងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញ និងពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខណ្ឌ សមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុក។

កិច្ចប្រជុំ​ គ.ជ.អ.ប​. នាថ្ងៃទី៩​ ខែមករា មានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​ ជាឧបនាយករដ្ឋមន្ត្រី​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នថ្នាក់ជាតិ​ អភិបាល​នៃគណៈអភិបាលរាជធានី ខេត្ត​ ដោយមានរបៀបវារៈ ចំនួន ៥ ក្នុងនោះក៏មានការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប.​ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងការវិនិយោគនៅរដ្ឋបាលរាជធានី ខេត្ត​ ការអនុវត្តការងារគណនេយ្យភាពសង្គម​ ព្រមទាំងការផ្ទេរថវិកាសម្រាប់អនុវត្តមុខងារទាំង៥៥ ដែលបានផ្ទេរទៅរដ្ឋបាលក្រុង​ ស្រុក ខណ្ឌផងដែរ៕