ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ! ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ដិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលយកចិត្តទុកដាក់បំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់ ទាំងក្នុងក្របខណ្ឌនៃការប្រកួតកីឡាជាតិ ក៏ដូចជាការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។

ប្រមុខក្រសួងមហាផ្ទៃ ក៏បង្ហាញក្ដីសង្ឃឹមថា ក្រោមការប្តេជ្ញាចិត្តដ៏មោះមុតក្នុងស្មារតីតែមួយ ថ្នាក់ដឹកនាំ មន្ត្រី កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងកាន់តែមានវឌ្ឍនភាព ទាំងផ្នែកធនធានកីឡាករ កីឡាការិនី និងហេដ្ឋរចនាសម្ព័ន្ធបម្រើឱ្យវិស័យកីឡា ការហ្វឹកហាត់ និងការប្រកួតក្នុងកម្រិតជាតិនិងអន្តរជាតិ។

យោងតាមសេចក្ដីរាយការណ៍ និងសេចក្ដីថ្លែងហេតុ លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលមាន ៨ជំពូក និង ១៩មាត្រា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលវិស័យកីឡា ស្ថិតនៅក្នុងជ្រុងទី១ ការអភិវឌ្ឍមូលធនមនុស្ស។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ជូនអង្គប្រជុំដែរថា ការកែសម្រួលរចនាសម្ព័ន្ធក្នុងអនុក្រឹត្យនេះ ពុំមានការប៉ះពាល់ដល់ទំហំរចនាសម្ព័ន្ធ ឬបង្កើនថវិកាចំណាយក្រសួងនោះឡើយ និងក៏ពុំជាន់ភារកិច្ចនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃដែរ ផ្ទុយទៅវិញធ្វើឱ្យកាន់តែប្រសើរឡើងនូវរចនាសម្ព័ន្ធដឹកនាំ ស្របតាមគោលនយោបាយក្រសួងអប់រំ និងគោលការណ៍គណៈកម្មាធិការជាតិអូឡាំពិក។

បន្ទាប់ពីបានស្ដាប់ និងពិនិត្យខ្លឹមសារ នៃសេចក្ដីព្រាងអនុក្រឹត្យនេះរួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងសមាជិក សមាជិកានៃអង្គប្រជុំ បានផ្ដល់អនុសាសន៍ និងលើកយោបល់ កែសម្រួល និងបំពេញបន្ថែមលើចំណុចមួយចំនួន។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនោះ ផ្ដល់មតិដឹកនាំលើកិច្ចការពាក់ព័ន្ធបន្ថែមទៀតផងដែរ៕