(គេហទំព័រពន្លឺខ្មែរអមត:)អាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បុរសម្នាក់បានទៅធ្វើសំណាកនៅមណ្ឌលសុខភាពព្រែកព្នៅរកឃើញវិជ្ជមានកូវីដ១៩ គេចវេសពីការព្យាបាល

ចេញផ្សាយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ មានបុរសម្នាក់ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ ក៏បានធ្វើការគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញ ដេញតាមមុខសញ្ញារហូតដល់ចំណុច វាលស្រែមួយកន្លែង ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ពេលនោះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានព្យាយាមពន្យល់ ណែនាំបុរសរូបនោះ យល់អំពីសារៈប្រយោជន៍នៃការព្យាបាលព្រមទាំងទោសទណ្ឌនៃការគេចវេស តែបុរសរូបនោះនៅតែមិនព្រម ស្ម័គ្រចិត្តទទួលយកការព្យាបាល ថែមទាំងរើសដុំថ្ម ព្យាយាមវាយប្រហារមកលើសត្ថកិច្ចថែមទៀតផង ដោយមានការហ៊ុព័ទ្ធនិងបង្ខំ ពីសមត្ថកិច្ច បុរសនោះក៏ព្រមឡើងរថយន្តជាមួយ ក្រុមគ្រូពេទ្យ ដើម្បីទៅធ្វើការព្យាបាល នៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង។

ដោយបុរសនោះមានឈ្មោះ ជា គា ភេទ ប្រុសអាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ករណីគេចវេសពីការព្យាបាលនេះ ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន។

អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវម្តងហើយម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែល វិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការ អត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដ៏ទៃក្នុងក្រុមគ្រួសារនិងសហគមន៍ផង និង ត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរ៕ដោយ:ពន្លឺខ្មែរអមត: