សមត្ថកិច្ចចរាចរណ៍ បន្តការអនុវត្តច្បាប់លើយានយន្តពាក់ស្លាកលេខ-នគរបាល ខុសប្រក្រតី ចេញផ្សាយថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ: លោក ឌុច រស្មី

ភ្នំពេញ ÷ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ សហការជាមួយនគរបាលចរាចរណ៍ និងនគរបាល​ការិយាល័យ​អន្តរាគមន៍​តម្រួត​បទ​បញ្ជាររាជធានីភ្នំពេញ បានបន្តការចុះអនុវត្តច្បាប់លើយានយន្តទាំងឡាយ ដែល​ពាពាកស្លាកលេខ-នគរបាល មានភាពខុសប្រក្រតី ពោលមិនត្រឹមត្រូវតាមច្បាប់ចរាចរណ៍ជើងគោក ។

ការបន្តចុះអនុវត្តនេះ ធ្វើឡើងនាព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជា​លទ្ធផល នៃការអនុវត្តពេញមួយព្រឹករួចមក សមត្ថកិច្ច បានរក​ឃើ​ញយាន​យន្ត​ល្មើស​មួយ​ចំនួន​ ដែលពាក់ស្លាកលេខ-នគរបាល ខុសប្រក្រតី មិនត្រឹមត្រូវតាមអនុក្រឹត្យ ដោយម្ចាស់យាន បាន​ប្រើ​ផ្លាកលេខដែលពុំបានចុះបញ្ជីរពីក្រសួង ហើយកឹបស្លាកលេខដោយខ្លួនឯង ដូច្នោះហើយ សមត្ថកិច្ចបានធ្វើការដកហូតស្លាកលេខពីម្ចាស់យានយន្ត ដោយធ្វើការដោះចេញយកមករក្សាទុក រួច​ធ្វើ​ការផាកពិន័យលើម្ចាស់យានទៅតាមផ្លូវច្បាប់ ស្តីពីចរាចរណ៍ជើងគោក ។

មន្ត្រីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា យានយន្តពាក់ស្លាកលេខ -នគរបាល ដែលបាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​គោល​ដៅសមត្ថកិច្ច គឺនឹងត្រូវសុំធ្វើការត្រួតពិនិត្យទាំងអស់ ក្នុងករណីដែល​ពិនិត្យ​ឯកសារ​មើល​ទៅគ្រប់គ្រាន់ មានចុះគល់បញ្ជីរក្រសួង និងមានបិទឡូហ្គូ​នគរបាល​ជាតិ​លើ​រថយ​ន្ត​ត្រឹម​ត្រូវ​ហើយនោះ គឺនឹងត្រូវអនុញ្ញាត្តិទៅធ្វើដំណើរទៅមុខបន្ត ប៉ុន្តែបើមានភាព​ខុស​ប្រក្រតី​ណា​មួយ​ គឺអនុវត្តតាមផ្លូវច្បាប់ជាធរមាន ។

មន្ត្រីសមត្ថកិច្ចបន្ថែមថា កម្លាំងនគរបាលចម្រុះ នឹងបន្តការអនុវត្តនេះ ជាប្រចាំ និង​ជា​បន្ត​បន្ទាប់​ទៀត នៅតាមគោលដៅផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ហើយការអនុវត្តនេះ ក៏ផ្សារ​ភ្ជាប់​ជាមួយ​ការអនុវត្តច្បាប់ចរាចរណ៍ លើយានយន្តល្មើសដោយមិនពាក់មួក ឬកញ្ចក់ផងដែរ ដើម្បី​ធានាឱ្យបាន លើការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋអ្នកដំណើរ ៕