
(គេហទំព័រពន្លឺខ្មែរអមត:)មន្ត្រីបោះឆ្នោតខេត្តសៀមរាប បានបង្ហាញថា កម្ពុជាឆ្ពោះទៅរកការធ្វើទំនើបកម្ម នៃការរៀបចំការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យា
ចេញផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ខេត្តសៀមរាប ÷ អនុវត្តតាមប្រតិទិន នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដែលបានគ្រោងទុកដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលមួយនៅសាលាក្រុងសៀមរាប ស្តីពី ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផលនៃការបោះឆ្នោតសាកល្បង ក្រោមអធិបតីភាពឯកឧត្ដម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត , លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត និង លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន , រដ្ឋបាលក្រុងសៀមរាប , តំណាងគណបក្សនយោបាយក្នុងខេត្ត , សង្គមស៊ីវិល និង មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ជាច្រើនរូប ។
លោក អ៊ាម ស៊ីណា អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ មិនមែនជាការសាកល្បងបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ ហើយក៏មិនមែនជាការស្ទង់មតិសម្លេងឆ្នោតមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងមិនមែនស្ទង់មតិមុនការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣នោះឡើយ ក៏ប៉ុន្តែបើសិនជាការបោះឆ្នោតសាកល្បងនេះដំណើរការទទួលបានលទ្ធផលល្អប្រសើរ កម្មវិធីទំនើបកម្មនៃដំណើរការបោះឆ្នោតនេះ នឹងត្រូវយកទៅអនុវត្តសម្រាប់ការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ។
លោក អ៊ាម ស៊ីណា បានបញ្ជាក់បន្ថែមថា គ.ជ.ប បានរៀបចំប្រព័ន្ធគ្រប់គ្រងកម្មវិធីការបោះឆ្នោតសាកល្បងនេះឡើង គឺស្របតាមការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ឲ្យដើរទាន់សម័យបច្ចេកវិទ្យាទំនើប ហើយក៏សំខាន់ផងដែរ គឺស្ថិតក្នុងគោលបំណងសាកល្បងការអនុវត្តកម្មវិធី ចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ សាកល្បងអនុវត្តឲ្យមានភាពច្បាស់លាស់ ការកំណត់សញ្ញាគាំទ្រគណបក្សនយោបាយ ដោយប្រើប៊ិកគំនូសសញ្ញាគាំទ្របោះឆ្នោតនៅលើសន្លឹកឆ្នោត ដូច្នេះ វគ្គបណ្តុះបណ្តាលនេះ ក៏ជាដំណើរនៃការសាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ រួមទាំងដកបទពិសោធន៍ លើការអនុវត្តវិធានការទប់ស្កាត់ និងការពារទប់ស្កាត់ ការឆ្លងជម្ងឺកូវីដ-១៩ ក្នុងការិយាល័យបោះឆ្នោតផងដែរ។
សូមបញ្ជាក់ថា យោងតាមកាលបរិច្ឆេទនៅក្នុងប្រតិទិនរបស់គ.ជ.ប គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គឺជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចជ្រើសយកការិយាយល័យបោះឆ្នោតចំនួន២ ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺការិយាល័យមួយមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យ១០មករា១៩៧៩ និងការិយាល័យមួយទៀត មានទីតាំងនៅក្នុងបរិវេណសាលាបឋមសិក្សាស្វាយដង្គំ ហើយប្រការដែលកំណត់យកការិយាល័យបោះឆ្នោះក្នុងសង្កាត់ស្វាយដង្គំនេះ ដោយហេតុថា ការរៀបចំឲ្យអ្នកមកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០ មិនលើសពី៥០០នាក់ ។
ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺភាពខុសគ្នានិង មានភាពត្រឹមត្រូវជាង បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីពេលមុនៗ ជាពិសេសមិនមានបេក្ខជនឈរឈ្មោះជាងមួយគណបក្ស ការបាត់ឈ្មោះ ការខុសឈ្មោះ និង អ្នកមិនគ្រប់អាយុជាដើម ហើយការប្រើប្រាស់ប៊ិកគំនូស មានភាពងាយស្រួលជាងមុន ដោយមិនពិបាកដែលពិនិត្យលើសន្លិកឆ្នោតបានការនិងមិនបានការ , ការសសរសេរចម្លងទម្រង់បែបបទដោយប្រើប្រាស់បញ្ជូលទិន្នន័យតាមកុំព្យូទ័រតែម្ដង និង ការផ្ទៀងផ្ទាត់បញ្ជូលលទ្ធផល ពេលចប់បោះឆ្នោត តាមការិយាល័យនឹងចាប់ផ្ដើមស្កេនទម្រង់នោះតាមប្រព័ន្ធអនឡាញ ទៅកាន់ការិយាល័យថ្នាក់ជាតិ ឬ ថ្នាក់ខេត្តជាដើម ៕ប្រភពហ្វេសបុក
![]()
![]()
![]()
![]()