ដាក់ចេញទិសដៅការងារឆ្នាំ2025 បិទសន្និបាតបូកសរុបសភាពការ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ ២០២៤ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទ៥ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក រ៉េន ម៉េងគា
ខេត្តក្រចេះ ÷ ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ ២០២៤ របស់ស្នងការរដ្ឋាននគរបាលខេត្តក្រចេះ ដែលធ្វើឡើងក្រោមអថីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ រួមនិងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នារសៀលថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៤ ។
តាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ៖ ក្នុងឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញរបស់យើងបង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀនបានចំនួន ១៦៣លើក លើ ១០៨លើក បើប្រៀបធៀបនឹងឆ្នាំ២០២៣ កើនឡើងចំនួន ៥៥លើក ។ ក្នុងនោះចាប់យកវត្ថុតាង៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២,៣១៤.១៦ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(WY) – កញ្ជាក្រៀម-កញ្ញាស្រស់-គ្រាប់ពូជ និងសម្ភារផ្សេងៗមួយចំនួនទៀត ។ ហើយមុខសញ្ញា និងវត្ថុតាងទាំងអស់បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ។
លោកបន្តថា ៖ ចំពោះការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង បានចុះបង្ក្រាប ចំនួន ៤៤ លើក ឃាត់ខ្លួន ១៥៧ នាក់ ស្រី ១នាក់ ។ ក្មេងទំនើងមាន ៣៧ ករណីធ្វើការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទាំងនោះ ហើយបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ និងបានឲ្យអាណាព្យាបាលយកទៅអប់រំបន្តចំនួន ១២៣ នាក់/ស្រី ០១នាក់ ។ ចំណែកឯក្មេងទំនើងដែលពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ០៧លើក ឃាត់ខ្លួនចំនួន៣៤នាក់។
ថ្លែងទៅកាន់អង្គសន្និបាត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមនិងឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់រួមគ្នាថា ៖ ក្រសួងមហាផ្ទៃ ដោយមានការគាំទ្រ និងចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារទទួលខុសត្រូវ ដឹកនាំ ត្រួតពិនិត្យការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នៃខេត្តក្រចេះ និងអ្នកពាក់ព័ន្ធ បានចាត់តាំងអនុវត្តប្រកបដោយជោគជ័យគួរជាទីមោទនៈ និងបានកែលម្អផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាបន្តបន្ទាប់ ស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គម។
ក្នុងនោះគណៈអធីបតីទាំងពីរ បានដាក់ចេញនូវគោលការណ៍ វិធានការសំខាន់មួយចំនួនដល់កងកម្លាំងនគរបាល ដើម្បីអនុវត្តទិសដៅការងារ ដោយក្នុងនោះ ៖-ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម-ប្រឆាំងដាច់ខាតរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈប្រជាពលរដ្ឋ -បន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាព- ត្រូវយកចិត្តទុកដាក់លុបបំបាត់ឱ្យបាននូវល្បែងផ្សងសំណាងគ្រប់ ប្រភេទដែលគ្មានអាជ្ញាប័ណ្ណ ឬប្រើប្រាស់អាជ្ញាប័ណ្ណហួសពីដែនកំណត់ -ត្រូវខិតខំលុបបំបាត់ការចែកចាយ ជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមសហគមន៍ តាមក្លឹបកម្សាន្តឬទីកន្លែងដែលមានហានិភ័យខ្ពស់-យកចិត្តទុកដាក់លុបបំបាត់សកម្មភាពក្មេងទំនើងក្នុងសង្គម ដោយជំរុញកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ការជួញដូរសារធាតុញៀនខុសច្បាប់ ការជួញដូរស្ត្រី និងកុមារ ការរត់ពន្ធឆ្លងដែនខុសច្បាប់ជាដើម ៕