សូមអបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ នៅទីក្រុង Asunción សាធារណរដ្ឋប៉ារ៉ាហ្គាយ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
កាលពីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា មរតកវប្បធម៌ខ្មែរមួយទៀតត្រូវបានទទួលស្គាល់កម្រិតពិភពលោកជាសម្បត្តិបេតិកភណ្ឌរួមរបស់ពិភពលោក។ ក្រមាជាវត្ថុប្រើប្រាស់ ធ្វើពីសសៃកប្បាស ឬសូត្រត្បាញជាក្រណាត់ ដែលមានវត្តមាននៅស្ទើរគ្រប់សកម្មភាពរបស់ប្រជាជនខ្មែរយើងតាំងពីបូរាណកាល។ ក្រមាមានប្រវត្តិ និងបានចាក់ឫសក្នុងសង្គមខ្មែរយ៉ាងរឹងមាំ ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិផងដែរ។
កាលពីឆ្នាំ២០១៨ យើងក៏ធ្លាប់បានបង្កើតភាពអស្ចារ្យតាមរយៈការត្បាញក្រមាវែងជាងគេ បំបែកកំណត់ត្រាពិភពលោក។ ក្រមា ប្រវែង ១.១៤៩,៨ ម៉ែត្រ ត្រូវបានចូលរួមត្បាញមួយសសៃរៗដោយប្រជាពលរដ្ឋមកពីគ្រប់ទិសទី រាប់តាំងពីព្រះមហាក្សត្រ និងសម្តេចយាយជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ និងកុមារតូចៗ រហូតក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយដែលពុំដែលមានពីមុនមក។
ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រតិបត្តិករផ្ទាល់ក្នុងការនាំយកមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិទៅកាន់ពិភពលោកជាបន្តបន្ទាប់។ សូមកុលបុត្រខ្មែរទាំងអស់ចូលរួមលើកស្ទួយអត្តសញ្ញាណជាតិតាមរយៈការសិក្សាស្វែងយល់ និងអភិរក្សបេតិកភណ្ឌទាំងនោះឱ្យបានឋិតឋេរគង់វង្សរហូតទៅ។