ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ របស់ប្រជាកសិករនៅភូមិគោក ពោធិ៍ឃុំកែវពណ៌ ស្រុកពួក ចេញផ្សាយថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ ថ្ងៃសៅរ៍ ៥រោច ខែ បុស្ស ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងទី១៨ ខែមករា ឆ្នាំ២០២៥ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកសាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតកម្ម និង សហការី បានជូនដំណើរឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ របស់ប្រជាកសិករឈ្មោះអឿន ល័ក្ខ នៅភូមិគោកពោធិ៍ ឃុំកែវពណ៌ ស្រុកពួក ដែលគាត់បានដាំដុះពូជនេះអស់រយៈពេល៦ឆ្នាំមកហើយ ដោយមានការចូលរួមពីលោក ស៊ិន ចាន់ថុល និងក្រុមការងាររដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន ២៥នាក់។ ក្នុងកិច្ចពិភាក្សាជាមួយកសិករ ឯកឧត្តម ឃុន សាវឿន បានពន្យល់ពីសារៈប្រយោជន៍នៃការប្រើពូជស្រូវជាតិយើង ដូចជាពូជសែនក្រអូប០១ ដែលតម្លៃមានស្ថេរភាពជាងពូជស្រូវនាំចូល ដូចជាលោកពូ កសិករ អឿន ល័ក្ខ គាត់ទទួលបានប្រាក់ចំណេញជារៀងរាល់ឆ្នាំ និងសារៈប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប។ ក្រោយពីបានស្តាប់អនុសាសន៍ណែនាំរបស់ឯកឧត្តមក ប្រជាកសិករចំណាប់អារម្មណ៍ខ្ពស់ និងសន្យាងាកមកធ្វើពូជក្នុងស្រុកតាមលទ្ធភាព និងស្ម័គ្រចិត្តចូលរួមបង្កើតជាសហគមន៍កសិកម្មទំនើបនៅពេលខាងមុខ។ ជាមួយគ្ននោះ ឯកឧត្តមក៏បានសាកសួរពីការជួលដីធ្វើស្រែរបស់កសិករ ប៉ុន្តែនៅតំបន់នោះមិនមានបញ្ហានេះទេ។ បន្តមកទៀត ឯកឧត្តម និងក្រុមការងារបានបន្តដំណើរស្វែងយល់ពីការលក់ធាតុចូលកសិកម្ម នៅដេប៉ូ ឈួន វណ្ណឆៃ ស្ថិតនៅទីរួមស្រុកពួក។ ម្ចាស់ដេប៉ូបានលើកឡើងថាការឡើងចុះតម្លៃកសិផលជាបញ្ហាធម្មតារបស់ទីផ្សារ ហើយការលក់ដូររបស់ពួកគាត់នៅដំណើរការដូចធម្មតាទោះកសិករប្តូរពូជមកប្រើពូជរបស់ជាតិដូចជាសែនក្រអូប០១ ក៏ដោយ។