 
                                    
                                    ជំនួបសម្តែងការគួរសម រវាងឯកឧត្តម អភិបាលខេត្តជាមួយប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាប
ខេត្តសៀមរាប៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអនុញ្ញាតឱ្យលោកយ៉ូណេហ្សាវ៉ា អាត់ស៊ូស៉ី ប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាបចូលជួបសម្តែងការគួរសម នៅបន្ទប់ប្រជុំសាលាខេត្ត។
លោក ប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប្រាក់ សោភ័ណអភិបាល នៃគណៈអភិបាលខេត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងបានអនុញ្ញាតឱ្យលោកនិងក្រមការងារបានជួបនាពេលនេះ ។ ឆ្លៀតក្នុងឱកាសនេះ លោក ប្រធានការិយាល័យកុងស៊ុលជប៉ុនក៏បានជូនពរឯកឧត្តម អភិបាលខេត្តក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គល ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះឯកឧត្តម ប្រាក់ សោភ័ណនិងលោកជំទាវ ព្រមទាំង បុត្រា–បុត្រី ជាទីស្រលាញ់ សូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណផងដែរចំពោះលោក ប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាបដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជេីញជួបសម្តែងការគួរសមនិងជូនពរនាពេលនេះ ៕ដោយ៖ លុចណាម
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប 
  
  
  
  
  
  
  
  
  
  
  
  
 
 
  
 